ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ​​អង់គ្លេសរកឃើញថា ការចាក់វ៉ាក់សាំងPfizer និងAstraZeneca បញ្ចូលគ្នាក្នុងខ្លួនមនុស្សម្នាក់នឹងបង្កើតប្រព័ន្ធការពាររាងកាយយ៉ាងរឹងមាំសម្រាប់ប្រឆាំងនឹងជំងឺកូវីដ ១៩

    BY Pheakdey June 29, 2021
    ​​អង់គ្លេសរកឃើញថា ការចាក់វ៉ាក់សាំងPfizer និងAstraZeneca បញ្ចូលគ្នាក្នុងខ្លួនមនុស្សម្នាក់នឹងបង្កើតប្រព័ន្ធការពាររាងកាយយ៉ាងរឹងមាំសម្រាប់ប្រឆាំងនឹងជំងឺកូវីដ ១៩

    អង់គ្លេស៖ ការសិក្សាមួយដែលបានរៀបចំឡើងដោយសាកលវិទ្យាល័យ Oxford ​នៅក្នុងប្រទេសអង់គ្លេសបានរកឃើញថា ការចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ ១៩ ចំនួន ២ប្រភេទផ្សេងគ្នាគឺវ៉ាក់សាំង Pfizer និង វ៉ាក់សាំង AstraZeneca អាចធ្វើឲ្យមនុស្សម្នាក់មានប្រព័ន្ធការពាររាងកាយរឹងមាំជាងការចាក់វ៉ាក់សាំងតែមួយប្រភេទចំនួន ២ ដូសទៅទៀត។ ការសិក្សាមួយនេះមានឈ្មោះថា Com-COV ហើយគំនិតនៃសិក្សានេះត្រូវបានផ្តួចផ្តើមឡើងនៅពេលដែលពលរដ្ឋនៅតំបន់អឺរ៉ុប​ជាច្រើននាក់ចង់ប្តូរលែងចាក់វ៉ាក់សាំង AstraZeneca សម្រាប់ដូសទី ២របស់ពួកគេវិញ ក្រោយមានពលរដ្ឋមួយចំនួនដែលបានចាក់វ៉ាក់សាំងប្រភេទនេះនៅដូសទី ១ រួចបានកើតមានបញ្ហាកកឈាម។

    បើតាមលោកសាស្រ្តាចារ្យ Matthew Snape ដែលជាអ្នកដឹកនាំការសិក្សា Com-COV នេះបានបញ្ជាក់ថា ការចាក់វ៉ាក់សាំង ចម្រុះគ្នានេះត្រូវតែធ្វើឡើងតាមពេលកំណត់ត្រឹមត្រូវ ពោលគឺត្រូវចាក់វ៉ាក់សាំង Pfizer នៅដូសទី ១ ហើយរយៈពេល ៤ សប្តាហ៍មកទៀតគឺត្រូវចាក់វ៉ាក់សាំង AstraZeneca បន្ថែម ១ដូសទៀត ដែលត្រូវជាដូសទី ២ សម្រាប់មនុស្សម្នាក់។ លោកសាស្ត្រាចារ្យរូបនេះក៏បានព្រមានដែរថា ​សូមកុំព្យាយាមប្រើប្រាស់វ៉ាក់សាំងចម្រុះគ្នានិងគម្លាតពេលនៃការចាក់ផ្សេងពីការណែនាំខាងលើនេះអី ព្រោះវាអាចគ្មានប្រសិទ្ធភាពខ្ពស់នោះទេ ហើយពេលខ្លះវាក៏អាចបង្កឲ្យមានផលប៉ះពាល់ផ្សេងៗផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post: