ចិនមួយក្រុមចេញពីផឹកស្រវឹង បើករថយន្ត LEXUS 330 ទៅបុករបាំងថ្មពុះចែកផ្លូវ នៅមុខក្រសួងមហាផ្ទៃ ខូចខាតយ៉ាងដំណំ
រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយ បុរសជនជាតិចិនមួយក្រុម បើករថយន្ត LEXUS RX330 ទាំងស្រវឹងស្រា ក្នុងល្បឿនលឿន ក៏រេចង្កូតទៅបុកថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មមួយផ្ទាំងខ្ទាតទៅគន្លងផ្លូវម្ខាងទៀត ចំណែករថយន្តបាក់កាឡេកង់មុខខាងឆ្វេង អូសនិងថ្នល់ ជិត៣០ម៉ែត្រ បើកទៅមុខលែងរួច មិនបណ្ដាលឲ្យអ្នកណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង ០២៖១០នាទីយប់ទាបភ្លឺ ឈានចូល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ នៅលើកំណាត់ផ្លូវព្រះនរោត្តម ត្រង់ចំណុចទល់មុខក្រសួងមហាផ្ទៃ ដែលស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អ្នកឃើញហេតុការណ៍ផ្ទាល់បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងដឹងថា នៅតាមបណ្ដោយផ្លូវព្រះនរោត្តម ស្ថានភាពផ្លូវគឺងងឹតឈឹង ចាប់ពីមុខ ព្រឹទ្ធសភារហូតដល់មុខមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ ដោយមិនដឹងមូលហេតុអ្វីច្បាស់លាស់ ពាក់ព័ន្ធការដាច់ភ្លើងបំភ្លឺផ្លូវនៅតាមផ្លូវខាងលើនោះទេ។
ប្រភពបន្តថា លុះវេលាម៉ោងកើត ស្រាប់តែឃើញរថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស (LEXUS RX330) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BI-1353 បើកបរដោយបុរសជនជាតិចិន មិនស្គាល់អត្តសញ្ញាណមួយក្រុម មានគ្នា៤នាក់ សង្ស័យទើបចេញពីផឹកស៊ី ទើបបើករថយន្តក្នុងស្ថានភាពស្រវឹង និងល្បឿនលឿន តាមផ្លូវព្រះនរោត្តម ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ មុខក្រសួងមហាផ្ទៃ ស្រាប់តែរេចង្កូតទៅបុកចំរបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឲ្យរបាំងថ្មមួយផ្ទាំង ខ្ទាតទៅលើគន្លងផ្លូវម្ខាងទៀត ចំណែកឯរថយន្តបង្កបានបាក់កាឡេកង់មុខ អូសនិងថ្នល់ ប្រហែល៣០ម៉ែត្រ បើកទៅមុខលែងរួច តែសំណាងល្អមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកដំណើរដែលឆ្លងកាត់កន្លែងកើតហេតុ រាយការណ៍ប្រាប់សមត្ថកិច្ច ប៉ុស្តិ៍ទន្លេបាសាក់ ដែលកំពុងល្បាតក្នុងមូលដ្ឋាន ចុះមកជួយអន្តរាគមន៍ និងឃាត់ជនជាតិចិនដែលបើកបររថយន្តទាំងស្រវឹងនោះ និងរាយការណ៍ប្រាប់សមត្ថកិច្ចផ្នែកវាស់វែងចរាចរណ៍ខណ្ឌចំការមន ចុះមកពិនិត្យមើលផងដែរ។
បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ ទន្លេបាសាក់ និងផ្នែកវាស់វែងខណ្ឌ បានសហការនិងប្រគល់ឲ្យនគរបាលជំនាញចរាចរណ៍ ចុះមកវាស់វែង និងស្ទួចយករថយន្តបង្ក ទៅរក្សាទុកបណ្ដោះអាសន្ន និងនាំអ្នកបើកបររថយន្តស្រវឹងស្រានោះ ទៅនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីផាកពិន័យនិងចាត់ការ តាមច្បាប់ ៕









ដោយ៖ បងម៉េង ខ្មែរណូត