ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខេត្តឈៀងម៉ៃប្រទេសថៃប្រកាសពីការរកឃើញករណីឆ្លងកូវីដ ១៩ បំប្លែងខ្លួនប្រភេទ Delta ចំនួន ១១ នាក់

    BY Pheakdey July 2, 2021
    ខេត្តឈៀងម៉ៃប្រទេសថៃប្រកាសពីការរកឃើញករណីឆ្លងកូវីដ ១៩ បំប្លែងខ្លួនប្រភេទ Delta ចំនួន ១១ នាក់

    ថៃ៖ អាជ្ញាធរសុខាភិបាលនៃខេត្តឈៀងម៉ៃប្រទេសថៃបានប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទ Delta ចំពោះពលរដ្ឋថៃចំនួន ១១ នាក់ ដែលធ្លាប់មានប្រវត្តិធ្វើដំណើរទៅកាន់ទៅក្រុងបាងកក។ បើតាមលោក Songyos Khamchai ដែលជាប្រធានផ្នែកគ្រប់គ្រងជំងឺឆ្លងប្រចាំ​ខេត្តឈៀងម៉ៃបានបញ្ជាក់ថា ប្រភពចម្លងជំងឺកូវីដ ១៩ បំប្លែងខ្លួន Delta ចំនួន ២ ករណីដំបូងត្រូវបានរកឃើញចំពោះក្រុមវិស្វករដែលមានការពាក់ព័ន្ធជាមួយនឹងក្រុមកម្មករសំណង់ជាច្រើននាក់ផ្សេងទៀត ហើយគិតត្រឹមពេលនេះមានសាច់ញាតិរបស់ក្រុមវិស្វករទាំង ២ នាក់នេះចំនួន ២នាក់ផ្សេងទៀតក៏បានតេស្តវិជ្ជមានកូវីដ ១៩ ប្រភេទ Delta នេះផងដែរ។

    ប្រភពចម្លង ៤ ករណីផ្សេងទៀតគឺជាការចម្លងក្នុងចំណោមក្រុមស្ថាបត្យករដែលធ្វើការងារនៅក្នុងទីក្រុងបាងកក ហើយក្រុមស្ថាបត្យករទាំងនេះធ្លាប់មានប្រវត្តិធ្វើដំណើរទៅកាន់ការដ្ឋានសំណង់ជាច្រើនកន្លែងមុននឹងរកឃើញលទ្ធផលវិជ្ជមានកូវីដ ១៩ បំប្លែងខ្លួននៅក្នុងខេត្តឈៀងម៉ៃនេះ។ សូមបញ្ជាក់ថា ការរកឃើញករណីឆ្លងជំងឺកូវីដ ១៩​ បំប្លែងខ្លួនគួរឲ្យភ័យខ្លាចខាងលើនេះគឺស្របពេលដែលអាជ្ញាធរខេត្តឈៀងម៉ៃបានដាក់ចេញនូវវិធានការរឹតបន្តឹងការលក់គ្រឿងស្រវឹងគ្រប់ប្រភេទរយៈពេល ១ ខែសម្រាប់ខែកក្កដានេះ ដោយការលក់ស្រាត្រូវបានអនុញ្ញាតពីម៉ោង ១១-២ រសៀល និងពីម៉ោង ៥-៩ យប់ប៉ុណ្ណោះ ហើយបើជនណាហ៊ានល្មើសនឹងបទបញ្ជានេះនឹងត្រូវពិន័យជាប្រាក់ ២០ ០០០ បាត (៦២២ ដុល្លារអាមេរិក) ទៀតផង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: