ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    បុរសម្នាក់បើករថយន្តស្ដារិចកៀរកញ្ចក់រថយន្ត Ford Ranger អស់មួយចំហៀង មិនឈប់ដោះស្រាយ ថែមទាំងបន្ថែមល្បឿនព្យាយាមរត់ ទៅបុកជាមួយរថយន្តផ្សេងៗទៀតបន្តកន្ទុយគ្នា បង្កការភ្ញាក់ផ្អើលទាំងយប់

    BY Khmernote Media July 6, 2021
    បុរសម្នាក់បើករថយន្តស្ដារិចកៀរកញ្ចក់រថយន្ត Ford Ranger អស់មួយចំហៀង មិនឈប់ដោះស្រាយ ថែមទាំងបន្ថែមល្បឿនព្យាយាមរត់ ទៅបុកជាមួយរថយន្តផ្សេងៗទៀតបន្តកន្ទុយគ្នា បង្កការភ្ញាក់ផ្អើលទាំងយប់

    រាជធានីភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយស្តារ៉ិចទៅកៀរកញ្ចក់រថយន្តFord Ranger មួយគ្រឿង បណ្តាលឲ្យបាក់កញ្ចក់ចំហៀងខាងឆ្វេងរងការខូចខាត តែមិនឈប់ដោះស្រាយទេ បែរជាព្យាយាមបើករត់ចេញពីកន្លែងកើតហេតុនៅម្ដុំមុខព្រលានយន្តហោះ អន្តរជាតិភ្នំពេញ រហូតទៅបុករថយន្ត NISSAN មួយគ្រឿងទៀត វិលមួយជុំ និងរថយន្តមិនទាន់អស់ល្បឿនបានជ្រុលទៅបុកផ្ទប់រថយន្តដែលចតស្ងៀមទុកចោលលើផ្លូវចំនួន៤គ្រឿងទៀតបន្តកន្ទុយគ្នា បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ បណ្ដាលឲ្យអ្នករួមដំណើរលើរថយន្ត NISSAN រងរបួសស្រាល៤ទៅ៥នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩៖០នាទីយប់ ថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ នៅលើផ្លូវកម្ពុជាក្រោម កែងផ្លូវលេខ២៥៩ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    បើតាមប្រភពសម្ដីបុរសម្នាក់ដែលបើករថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP-0610 ដែលរងគ្រោះដំបូងគេ បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា មុនកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយស្តារ៉ិច(Hyandai Starex) ពណ៌ស ពាក់ស្លាកលេខកណ្តាល 2A-7247 បើកបរដោយបុរសម្នាក់ បានបើកបរខ្វះការប្រុងប្រយ័ត្ន មកកៀរកញ្ចក់រថយន្តរបស់គាត់ចំហៀងខាងឆ្វេងបណ្ដាលឲ្យបាក់រងការខូចខាត នៅម្ដុំខាងមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ(ពោធិ៍ចិនតុង) ហើយរថយន្តបង្កនោះមិនព្រមឈប់ដោះស្រាយនោះទេ បានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ ក្នុងល្បឿនយ៉ាងលឿន។

    ប្រភពបន្តថា ភ្លាមៗនោះរូបគាត់ក៏បើករថយន្ដដេញតាមពីក្រោយរថយន្តបង្កនោះ មកតាមផ្លូវសហព័ន្ធរុស្សី ទិសដៅពីជើងទៅត្បូង ស្រាប់តែរថយន្តបង្កហេតុនោះបត់ស្ដាំមកតាមផ្លូវលេខ២៥៩ ហើយបោះពួយក្នុងល្បឿនកាន់តែលឿន ឆ្លងកាត់ផ្លូវកម្ពុជាក្រោម ក៏ជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿង ម៉ាក NISSAN PATROL ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ01 2-1032 បើកបរជាលក្ខណៈគ្រួសារ(មានគ្នា៧នាក់ ប្ដីជាអ្នកបើក និងអ្នករួមដំណើរមានប្រពន្ធនិងកូន៤នាក់និងម្ដាយម្នាក់ទៀត) ដែលកំពុងធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិច បញ្ឆិតផ្នែកខាងមុខយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្ត PATROL វិលមួយជុំទៅប៉ះរបាំងថ្មទ្រូងផ្លូវ រងការខូចខាតយ៉ាងដំណំទៅមុខលែងរួច និងបណ្ដាលឲ្យអ្នករួមដំណើរលើរថយន្ត NISSAN រងរបួសស្រាល៤ទៅ៥នាក់ផងដែរ។

    ចំណែករថយន្ត Starex នៅមិនទាន់អស់ល្បឿនបានរេចង្កូតទៅខាងស្តាំដៃ ទៅបុកផ្ទប់ពីក្រោយរថយន្តចំនួន៤គ្រឿងទៀតបន្តកន្ទុយគ្នា ដែលចតស្ងៀមចោលនៅអែបតាមចិញ្ចើមផ្លូវមុខផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ក្នុងនោះមានរថយន្តកូរ៉ូឡាចំនួន២គ្រឿង រថយន្ត TOYOYA CORROLA ពណ៌ទឹកប៉ិចចាស់ ស៊េរីឆ្នាំ១៩៩៦ ពាក់ស្លាកលេខភ្នំពេញ 2F-8036, និងរថយន្តម៉ាក TOYOYA CORROLA ពណ៌ទឹកប៉ិចចាស់ ស៊េរីឆ្នាំ១៩៩៨ ពាក់ស្លាកលេខភ្នំពេញ 2C-0152, និងរថយន្តម៉ាក Morning ពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 2BI-8901, និងរថយន្តកាមរី ពណ៌ស ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខភ្នំពេញ 2BA-2691 ។ ចំណែករថយន្ត Ford Ranger ដែលរងការខូចខាតបាក់កញ្ចក់មួយចំហៀងរងគ្រោះដំបូងគេនោះ ម្ចាស់មិនទារសំណងទេ បានចុះមករៀបរាប់ប្រាប់ដំណើររឿងហេតុដល់សមត្ថកិច្ចនិងក្រុមអ្នកសារព័ត៌មានហើយ និងសុំយករថយន្តរបស់ខ្លួនទៅជួសជុលដោយខ្លួនឯង។

    បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកសួរនាំ រកម្ចាស់រថយន្តទាំងអស់ អោយចូលទៅចរចាក្នុងផ្ទះប្រជាពលរដ្ឋមួយកន្លែងសិន និងរងចាំផ្នែកវាស់វែងចរាចរណ៍ខណ្ឌទួលគោលចុះមកដល់ ហើយភាគីរថយន្តបង្កបានយល់ព្រមចេញសំណងទៅឲ្យរថយន្តចំនួន២គ្រឿង ក្នុងនោះមានរថយន្តកាមរីមួយគ្រឿង និងកូរ៉ូឡាមួយគ្រឿងទៀត ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ។ ចំណែករថយន្តបង្កនិងរថយន្តរងគ្រោះចំនួន៣គ្រឿងទៀត មិនអាចដោះស្រាយគ្នាបាន ទើបប្រគល់ឲ្យសមត្ថកិច្ច ជំនាញចុះមកធ្វើការវាស់វែង រួចស្ទូចនិងអូសរថយន្ត យកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងកាដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: