បុរសជនជាតិចិនបើករថយន្តសេរីទំនើបបោះពួយយ៉ាងលឿន ឆ្លងផ្លូវបំបែកជាបួនមិនប្រយ័ត្ន ទៅបុកជាមួយរថយន្តមួយគ្រឿងយ៉ាងពេញទំហឹង តែសំណាងល្អមិនបណ្ដាលអោយនរណាម្នាក់រងរបួសទេ
រាជធានីភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើកបររថយន្តស៊េរីទំនើប ម៉ាក HONGQI ក្នុងល្បឿនលឿន ឆ្លងផ្លូវបំបែកជាបួនខ្វះការប្រុងប្រយ័ត្ន និងជាន់ហ្រ្វាំងមិនទាន់ ក៏ទៅបុកជាមួយរថយន្តមួយគ្រឿងម៉ាកTOYOTA RAV4 ចំពេញទំហឹងបណ្តាលឲ្យរថយន្តទាំងពីរគ្រឿង រងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង នៅវេលា ម៉ោង០២៖៣០នាទីយប់ ឈានចូលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ នៅផ្លូវបំបែកជាបួន លើផ្លូវព្រះនរោត្តម កែងផ្លូវ១០៦ ត្រង់ចំណុចស្ពាននាគវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា មុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ និងនារីចំនួន៣នាក់ បើកបរ រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកហុងឈី (HONGIQ) ពណ៌ស ស្លាកលេខកម្ពុជា XYL-1818 ធ្វើដំណើរតាមបណ្ដោយផ្លូវ១០៦ ទិសដៅកើតទៅលិច ដោយស្ថានល្បឿនលឿន លុះមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួនមិនប្រយ័ត្ន ហើយជាន់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿងម៉ាក តូយ៉ូតារ៉េហ្វ័រ (TOYOTA RAV4) ពណ៌ ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2BB-4633 បើកបរ ដោយបុរសម្នាក់ លក្ខណៈគ្រួសារធ្វើដំណើរ តាមបណ្ដោយផ្លូវព្រះនរោត្តម ទិសដៅពីត្បូងទៅជើង លុះមកដល់ផ្លូវបំបែកជាបួន ក៏ត្រូវបានរថយន្តជនជាតិចិន បុកចំពាក់កណ្តាលពេញទំហឹង ខ្ទាតរថយន្តទៅមុខប្រហែល៥ម៉ែត្រ បណ្តាលឲ្យរថយន្ត ម៉ាក TOYOTA RAV4 រងការខូចខាតផ្នែកខាងមុខចំហៀងខាងស្តាំ បាក់កាឡេកង់ មុខនិងកំពិតកាង ចំណែករថយន្ត HONGQI របស់ជនជាតិចិន បានផ្ទុះពោងសុវត្ថិភាពចេញពីដៃចង្កូតនិង តាបលូក្នុងរថយន្ត និងរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ។ ភ្លាមៗនោះ ក៏មានវត្តមាន កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យមើលដែរ និងបានរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ចុះមកធ្វើការត្រួតពិនិត្យ។
បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍ខណ្ឌដូនពេញ សហការជាមួយកម្លាំងជំនាញ បានចុះមកធ្វើការ វាស់វែងរថយន្តទាំងពីរគ្រឿងរួចហៅរថយន្តមកស្ទូច យកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕








ដោយ៖ បងម៉េង ខ្មែរណូត