ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    រថយន្ត KIA OPTIMA បើកបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តជិះទៅមុខលែងរួច បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើររាយការណ៍ទៅសមត្ថកិច្ច

    BY Khmernote Media July 8, 2021
    រថយន្ត KIA OPTIMA បើកបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តជិះទៅមុខលែងរួច បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើររាយការណ៍ទៅសមត្ថកិច្ច

    រាជធានីភ្នំពេញ៖ រថយន្ត KIA OPTIMA បើកបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់កាឡេកង់មុខខាងឆ្វេង បើកទៅមុខលែងរួច និងមិនបណ្ដាលឲ្យអ្នកបើកបររថយន្តរងរបួសឡើយ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរប្រទះឃើញ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យមើលផងដែរ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០៣៖១០នាទាបភ្លឺ ឈានចូលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចស្តុបសួនច្បារក្ដាន់២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    បើតាមសម្ដីបុរសម្នាក់ដែលជាអ្នករត់កង់បីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុរូបគាត់បើកកង់បីឥណ្ឌាទៅយកភ្ញៀវឆ្លងកាត់ចំណុចកើតហេតុខាងលើស្រាប់តែ ឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក KIA OPTIMA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AA-9349 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងល្បឿនលឿន ទិសដៅពីកើតមកលិចលុះមកដល់ចំណុចកើតហេតុស្រាប់តែជ្រុលទៅបុក របាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវមួយទំហឹង បណ្ដាលឲ្យរថយន្តបាក់កាឡេកង់មុខខាងឆ្វេង បើកទៅមុខលែងរួច និងខូចខាតរបាំងថ្មបាក់បែកប្រេះបន្តិចបន្តួច ចំណែកឯអ្នកបើកបររថយន្តបង្កមិនត្រូវរបួសអ្វីឡើយ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរឆ្លងកាត់នោះ ប្រទះឃើញក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានបានដឹង និងចុះមកពិនិត្យមើលផងដែរ។ ហើយមុនពេលសមត្ថកិច្ចមកដល់អ្នកបើករថយន្តខាងលើបានចុះពីរថយន្ដដើរទៅណាបាត់ស្រមោល បន្សល់តែរថយន្តនៅកន្លែងកើតហេតុប៉ុណ្ណោះ។

    បច្ចុប្បន្នក្រោយពេលកើតហេតុ គេឃើញកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក បានចុះមកវាស់វែងរួចហៅរថយន្តមកស្ទូច យក រថយន្តបង្កទៅរក្សាទុកបណ្ដោះអាសន្ន នៅផ្នែកដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ នៃការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការស្រាវជ្រាវ រកម្ចាស់រថយន្ត ឲ្យចូលខ្លួន ដោះស្រាយលើការខូចខាតទ្រព្យសម្បត្តិរដ្ឋតាមផ្លូវច្បាប់ផងដែរ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: