អាជ្ញាធរឥណ្ឌូនេស៊ីតែងខ្លួនជាខ្មោច និងសែងមឈូសដើរតាមទីសាធារណៈ ដើម្បីដាស់តឿនពលរដ្ឋឲ្យខ្លាចនិងចេះការពារខ្លួនពីជំងឺកូវីដ ១៩ (មានវីដេអូ)
ឥណ្ឌូនេស៊ី៖ អាជ្ញាធរឥណ្ឌូនេស៊ីបានសម្រេចដាក់ចេញនូវវិធានការតឹងរឹងជាច្រើនដើម្បីទប់ទល់នឹងរលកនៃជំងឺកូវីដ ១៩ ដែលបានបន្តរាតត្បាតយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ស្របពេលជាមួយនឹងការអនុវត្តវិធានការតឹងរឹងទាំងនោះ ក្រុមអាជ្ញាធរតាមមូលដ្ឋានក៏បានធ្វើសកម្មភាពគួរចាប់អារម្មណ៍មួយចំនួនទៀតផងដែរ ដូចជាមានក្រុមប៉ូលិសមួយចំនួនបានតែងខ្លួនជាខ្មោច និងអ្នកខ្លះបាននាំគ្នាសែងមឈូសដើរតាមទីសាធារណៈដើម្បីបន្លាចពលរដ្ឋមួយចំនួនដែលកំពុងជួបជុំគ្នាតាមទីសាធារណៈនៅពេលយប់និងដាស់តឿនពួកគេថា ជំងឺកូវីដ ១៩ មិនទាន់រលាយបាត់នោះទេហើយពួកគេអាចមានគ្រោះថ្នាក់ដោយជំងឺមួយនេះបានយ៉ាងងាយ ប្រសិនបើពួកគេមិនចេះការពារខ្លួនតាមការណែនាំរបស់អាជ្ញាធរសុខាភិបាលនោះទេ។

នៅតាមក្រុងខ្លះវិញក្រុមអាជ្ញាធរបានសម្រេចបាញ់ទឹកដាក់ហ្វូងពលរដ្ឋតែម្តង ខណៈដែលពួកគេកំពុងប្រមូលផ្តុំគ្នានៅទីសាធារណៈនិងនៅតាមកន្លែងលក់ចំណីអាហារមួយចំនួន។ យ៉ាងណាក្តី សម្រាប់ក្រុមអ្នកលក់ដូរមួយចំនួនមិនពេញចិត្តនឹងសកម្មភាពបាញ់ទឹកនេះទេ ព្រោះវាបានធ្វើឲ្យចំណីអាហាររបស់ពួកគាត់ត្រូវខូចខាត ហើយពួកគាត់ក៏ត្រូវខាតបង់ប្រាក់ចំពោះអាហារដែលខូចទាំងនោះផងដែរ។ គួរបញ្ជាក់ថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅឥណ្ឌូនេស៊ីបានកើនឡើងយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយកាលពីថ្ងៃទី ៧ ខែកក្កដាកន្លងទៅឥណ្ឌូនេស៊ីបានរកឃើញអ្នកឆ្លងថ្មីប្រចាំថ្ងៃរហូតដល់ ៣៤,៣៧៩ នាក់ និងទទួលមរណភាពដល់ចំនួន ១,០៤០នាក់ទៀតផង ខណៈ ៦០% នៃករណីឆ្លងសរុបគឺជាការចម្លងមេរោគបំប្លែងខ្លួនថ្មីប្រភេទ Delta។
ស្របពេលដែលអ្នកជំងឺកូវីដ ១៩ បន្តកើនឡើង អាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីក៏ត្រូវប្រឈមនឹងបញ្ហាធំៗមួយចំនួនផងដែរ ដូចជាមន្ទីរពេទ្យមួយចំនួនបានខ្វះគ្រែពេទ្យសម្រាប់ព្យាបាលអ្នកជំងឺ និងខ្វះខ្យល់អ៊ុកស៊ីសែនសម្រាប់សង្គ្រោះអ្នកជំងឺជាដើម។ សូមបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះឥណ្ឌូនេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុបជាង ២៤លាននាក់ និងទទួលមរណភាពសរុបជាង ៦,៣ម៉ឺននាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ South China Moring Post