យុវជនពីរនាក់ជិះម៉ូតូឌុបគ្នា មិនពាក់មួកសុវត្ថិភាព ចុះពីលើស្ពានយ៉ាងលឿន រហូតដល់ផ្លូវកោងបន្ថយល្បឿនមិនទាន់ ក៏ជ្រុលទៅបុកខឿនចិញ្ចើមផ្លូវក្រោមស្ពានពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់
រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់មានបុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានអ្នកដំណើរប្រទះឃើញជួយហៅរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជនរងគ្រោះទាំងពីរនាក់ជិះម៉ូតូម៉ាក Wave ឌុបគ្នា មិនពាក់មួកការពារសុវត្ថិភាព ចុះពីលើស្ពានក្នុងល្បឿនលឿន ដល់ផ្លូវកោងបន្ថយល្បឿន មិនទាន់ ក៏ជ្រុលទៅបុកខឿនចិញ្ចើមផ្លូវក្រោមស្ពានអាកាសក្បាលថ្នល់ពេញទំហឹង បណ្ដាលឲ្យខ្ទាតបោកផ្ទប់នឹងខឿនស្ពានតែម្ដង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលយប់រំលងអាធ្រាត្រ ថ្ងៃសុក្រទី៩ ឈានចូលថ្ងៃសៅរិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១នេះ នៅត្រង់ចំណុចផ្លូវកោងគល់ស្ពានព្រះមុនីវង្ស(ត្រើយខាងលិច) ជាប់ក្រោមស្ពានអាកាសក្បាលថ្នល់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមសម្ដីក្រុមអ្នករត់កង់បីឥណ្ឌាដែលអង្គុយរងចាំដឹកភ្ញៀវនៅទល់មុខកន្លែងកើតហេតុបានប្រាប់ក្រុមការងារខ្មែរណូតពីសភាពនៃរឿងហេតុដូច្នេះថា នៅមុនពេលកើតហេតុ គេឃើញបុរស២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉េវ(Honda Wave-110Cc) ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1X-9261 ឌុបគ្នាធ្វើដំណើរឡើងស្ពានព្រះមុនីវង្ស(ស្ពានច្បារអំពៅ) ទិសដៅពីកើតមកលិច ខណៈពេលធ្វើដំណើរចុះពីលើស្ពាន ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុជាចំណុចផ្លូវកោង សង្ស័យបន្ថយល្បឿនមិនទាន់ ក៏ជ្រុលទៅបុកខឿនចិញ្ចើមផ្លូវក្រោមស្ពានអាកាសក្បាលថ្នល់ពេញទំហឹង ខ្ទាតទាំងមនុស្សនិងម៉ូតូបោកផ្ទប់នឹងខឿនស្ពានតែម្ដង បណ្ដាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានអ្នកដំណើរប្រទះឃើញជួយហៅរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ។
ជនរងគ្រោះដែលស្លាប់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយឃើញមានពាក់ខ្សែក មួយខ្សែនៅជាប់ខ្លួន ភិនភាគសម្បុរសរល្មម កម្ពស់ប្រហែល ១,៦០ម៉ែត្រ សក់ស្លូត អាយុប្រហែល១៩ឆ្នាំ ស្លៀកខោខ្មៅសាច់ក្រណាត់ត្រឹមជង្គង់ និងពាក់អាវដៃខ្លី ពណ៌ស។ ចំណែកអ្នករងរបួសធ្ងន់ឈ្មោះ ម៉ាប់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងភ្លើងស្នាក់នៅបន្ទប់ជួលម្ដុំកាណាស៊ីធី ផ្លូវវេងស្រេង។
សមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ និងសមត្ថកិច្ចផ្នែកវែងចរាចណ៍ខណ្ឌចំការមន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើង ត្រូវចូលរួម គោរពច្បាប់ចរាចរណ៍អោយបានត្រឹមត្រូវ ដើម្បីការពារអាយុជីវិតខ្លួនឯង យើងត្រូវតែពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ រាល់ពេលធ្វើដំណើរតាមទោចក្រក្រយាន(ម៉ូតូ)ទោះជិតឬឆ្ងាយ គ្រប់ពេលវេលា ។
បច្ចុប្បន្នក្រោយកើតហេតុ ម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចផ្នែកវាស់វែងចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ចុះទៅយកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីរងចាំសាច់ញាតិ យកឯកសារពាក់ព័ន្ធមកបញ្ជាក់ ផ្ទៀងផ្ទាត់ហើយប្រគល់ជូនវិញផងដែរ។ ដោយឡែកសពបុរសរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួច និងយកសំណាក់ទៅពិនិត្យឃើញថា “អវិជ្ជមានកូវីដ-១៩” រួចអោយរថយន្តដឹកសពយកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីស្រាវជ្រាវស្វែងរកសាច់ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕












ដោយ៖ បងម៉េង ខ្មែរណូត