ថៃអនុម័តឲ្យចាក់វ៉ាក់សាំងកូវីដចម្រុះគ្នាក្នុងខ្លួនមនុស្សម្នាក់ ដោយចាក់ Sinovac នៅដូសទី ១ និង AstraZeneca នៅដូសទី ២
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ក្រសួងសុខាភិបាលសាធារណៈថៃបានសម្រេចជាផ្លូវការចំពោះជម្រើសនៃការចាក់វ៉ាក់សាំងកូវីដ ១៩ ចម្រុះប្រភេទគ្នាទៅកាន់ខ្លួនមនុស្សតែម្នាក់ហើយ ពោលគឺចាក់វ៉ាក់សាំងប្រភេទ AstraZeneca ជាដូសទី ២ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង Sinovac នៅដូសទី ១។ បើតាមលោក Anutin Charnvirakul ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងប្រភេទ AstraZeneca នៅដូសទី ២ និងត្រូវធ្វើឡើងក្នុងរយៈ ៤ សប្តាហ៍ក្រោយពីបានចាក់វ៉ាក់សាំង Sinovac នៅដូសទី ១ រួច។

រដ្ឋមន្ត្រីរូបនេះបានបន្តថា ការសម្រេចចាក់វ៉ាក់សាំងចម្រុះប្រភេទគ្នានេះត្រូវបានធ្វើឡើងក្រោយក្រុមអ្នកជំនាញថៃបានរកឃើញថា ការចាក់បញ្ចូលគ្នារវាងវ៉ាក់សាំង AstraZeneca និងវ៉ាក់សាំង Sinovac នឹងជួយបង្កើតប្រព័ន្ធការពាររាងកាយបានយ៉ាងខ្លាំងសម្រាប់ប្រឆាំងទៅនឹងមេរោគបំប្លែងខ្លួន Delta ខណៈជម្រើសនេះគឺល្អជាងជម្រើសនៃការចាក់វ៉ាក់សាំងចំនួន ៣ ដូសទៅកាន់មនុស្សតែម្នាក់ទៀតផង។
គួររម្លឹកជូនថា នាពេលកន្លងមកក្រុមអ្នកជំនាញថៃក៏បានសិក្សាអំពីជម្រើសនៃចាក់វ៉ាក់សាំងដូសទី ៣ ទៅកាន់ពលរដ្ឋដែលបានចាក់វ៉ាក់សាំង ២ដូសរួចហើយដែរ ដើម្បីបន្ថែមប្រព័ន្ធការពាររាងកាយសម្រាប់ប្រឆាំងនឹងមេរោគកូវីដ ១៩ បំប្លែងខ្លួន Delta។ យ៉ាងណាក្តី ពេលនេះអាជ្ញាធរថៃបានសម្រេចជ្រើសរើសយកជម្រើសនៃការវ៉ាក់សាំងចម្រុះប្រភេទគ្នាវិញ ព្រោះតែវាមានភាពងាយស្រួលនិងប្រើពេលខ្លីជាងការចាក់វ៉ាក់សាំងចំនួន ៣ ដូស៕


អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍