អាជ្ញាធរហុងកុងព្រមានកាត់ទោសបុរសម្នាក់ ដែលបន្លំចាក់វ៉ាក់សាំងកូវីដរហូតដល់ ៤ដូសម្នាក់ឯង
ហុងកុង៖ អាជ្ញាធរហុងកុងព្រមានកាត់ទោសចំពោះបុរសម្នាក់ដែលបានបន្លំចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រហូតដល់ ៤ដូសតែម្នាក់ឯង។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន South China Moring Post បានបញ្ជាក់ថា បុរសដែលកំពុងប្រឈមនឹងការកាត់ទោសរូបនេះមានអាយុ ៣០ឆ្នាំ ជាជនជាតិសិង្ហបុរី តែរូបគាត់ត្រូវទៅធ្វើការងារនៅក្នុងទីក្រុងហុងកុង។ ប្រភពខាងលើបានបន្តថា ពេលកំពុងមានវត្តមាននៅក្នុងប្រទេសសិង្ហបុរីបុរសរូបនេះបានចាក់វ៉ាក់សាំងប្រភេទ Moderna ចំនួន ២ដូសរួចរាល់ហើយ ក្រោយមកពេលទៅដល់ក្រុងហុងកុងគាត់បានចុះឈ្មោះចាក់វ៉ាក់សាំងប្រភេទ Pfizer បន្ថែមចំនួន ២ដូសទៀត ព្រោះគាត់ចង់ទទួលបានប័ណ្ណចាក់វ៉ាក់សាំងដែលចេញដោយអាជ្ញាធរហុងកុង ខណៈប័ណ្ណនេះអាចអនុញ្ញាតឲ្យគាត់ទៅកំសាន្តនៅតាមបារក្នុងទីក្រុងហុងកុងបាន។

យ៉ាងណាក្តី ចំពោះអាជ្ញាធរហុងកុងបានចាត់ទុកសកម្មភាពនេះជាកំហុសដ៏ធំមួយព្រោះតែវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកចាក់ផ្ទាល់និងបង្កើតជាបញ្ហាសម្រាប់ក្រុមបុគ្គលិកសុខាភិបាលទៀតផងក្នុងករណីមានប្រតិកម្មណាមួយកើតឡើង។ ជាងនេះទៅទៀតវាគឺជាការខ្ជះខ្ជាយវ៉ាក់សាំងនិងបង្ហាញពីគំនិតអាត្មានិយមយ៉ាងខ្លាំងដែលមនុស្សម្នាក់អាចចាក់វ៉ាក់សាំងរហូតដល់ទៅ ៤ ដូសតែម្នាក់ឯង ខណៈអ្នកខ្លះមិនទាន់បានចាក់សូម្បីតែ ១ ដូស។ ដូចនេះហើយអាជ្ញាធរហុងកុងនឹងផ្តន្ទាទោសចំពោះបុរសរូបនេះឲ្យធ្ងន់ធ្ងរ ដើម្បីកុំឲ្យអ្នកផ្សេងទៀតហ៊ានយកគំរូតាមគាត់៕

អត្ថបទ៖ ភក្តី
ប្រភព៖ South China Moring Post