ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    បុរសម្នាក់ចេញពីលេងកូននៅផ្ទះម្ដាយមីង បានទាក់ដៃចង្កូតជាមួយរថយន្ត ក៏ត្រូវរថយន្តបុកនៅតាមផ្លូវបេតុងព្រៃស បណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗ ចំណែករថយន្តបង្កហេតុគេចបាត់

    BY Khmernote Media July 21, 2021
    បុរសម្នាក់ចេញពីលេងកូននៅផ្ទះម្ដាយមីង បានទាក់ដៃចង្កូតជាមួយរថយន្ត ក៏ត្រូវរថយន្តបុកនៅតាមផ្លូវបេតុងព្រៃស បណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗ ចំណែករថយន្តបង្កហេតុគេចបាត់

    រាជធានីភ្នំពេញ៖ បុរសម្នាក់ត្រូវរថយន្តឡង់គ្រីស័របុកនិងកិនបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង កើតហេតុបន្ទាប់ពីជិះម៉ូតូចេញពីលេងកូន បានទាក់ដៃចង្កូតជាមួយរថយន្តបណ្ដាលឲ្យដួលមកកណ្ដាលផ្លូវ កាលពីវេលាម៉ោង១០៖២០នាទីយប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុងព្រៃស ត្រង់ចំណុចទល់មុខ PARK Cafe ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    សពជនរងគ្រោះមានឈ្មោះ អ៊ី ឌូ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI Let’s ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HG-8009 មកលេងកូនប្រុសអាយុ៣ឆ្នាំ ដែលនៅជាមួយម្ដាយមីងក្បែរកន្លែងកើតហេតុ រួចក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ នៅម្ដុំវត្តឫស្សីសាញ់។ ខណៈជនរងគ្រោះជិះម៉ូតូចេញបានប្រហែល១០០ម៉ែត្រ ក៏បានទាក់ដៃចង្កូតជាមួយរថយន្តឡង់គ្រីស័រមួយគ្រឿង មិនចាំស្លាកលេខ បណ្ដាលឲ្យដួលចូលក្រោមកង់រថយន្តកិនចំក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ចំណែករថយន្តបង្កបានបើកគេចបាត់ស្រមោលពីកន្លែងកើតហេតុ។

    ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ជាបណ្ដោះអាសន្ន រង់ចាំស្រាវជ្រាវរករថយន្តបង្កហេតុមកដោះស្រាយតាមច្បាប់។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅវត្តឫស្សីសាញ់ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: