អន្តរជាតិ

ឥណ្ឌាមិនទាន់រួចដៃពីកូវីដ ១៩ផង ស្រាប់តែបានរកឃើញករណីអ្នកបាត់បង់ជីវិតដោយជំងឺផ្តាសាយបក្សីបន្ថែមទៀត

BY
Pheakdey
July 22, 2021

ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ប្រទេសឥណ្ឌាបានរកឃើញករណីអ្នកស្លាប់ដោយជំងឺផ្តាសាយបក្សី H5N1 ជាលើកដំបូង ដែលករណីស្លាប់នេះបានបន្ថែមក្តីព្រួយបារម្ភមួយកម្រិតទៀតចំពោះអាជ្ញាធរសុខាភិបាលឥណ្ឌាផងដែរ ដ្បិតឥណ្ឌានៅមិនទាន់រួចផុតពីការគំរាមគំហែងដោយការរាតត្បាតជំងឺកូវីដ ១៩ នៅឡើយទេ។ ករណីស្លាប់នេះត្រូវបានរកឃើញចំពោះក្មេងប្រុសអាយុ ១១ ឆ្នាំ​ម្នាក់ រស់នៅក្នុងទីក្រុង New Delhi ដោយគាត់បានស្លាប់កាលពីថ្ងៃទី ២០ កក្កដាកន្លងទៅនេះ តែដំណឹងមរណភាពដែលបញ្ជាក់ថា ជនរងគ្រោះរូបនេះបានស្លាប់ព្រោះតែជំងឺផ្តាសាយបក្សីត្រូវបានប្រកាសដោយវិទ្យាស្ថានវិទ្យាសាស្រ្តវេជ្ជសាស្រ្តឥណ្ឌាកាលពីព្រឹកថ្ងៃទី ២២ ខែ កក្កដានេះ។

តាមអាជ្ញាធរសុខាភិបាលឥណ្ឌាបានបញ្ជាក់ថា ជនរងគ្រោះបានឆ្លងជំងឺផ្តាសាយបក្សីតាំងពីថ្ងៃទី ២​ ខែ កក្កដាម្លះ ហើយមុនពេលដែលគាត់បានស្លាប់គឺសរីរាង្គនៅខាងក្នុងរាងកាយរបស់គាត់ជាច្រើនបានផ្តើមដំណើរការលែងប្រក្រតី។ ក្រោយជនរងគ្រោះបានស្លាប់ ក្រុមគ្រួសារនិងមនុស្សដែលពាក់ព័ន្ធជាមួយគាត់មួយចំ​នួនត្រូវបានតម្រូវឲ្យនៅដាច់ដោយឡែកមួយរយៈសិន ដើម្បីធ្វើការតាមដានសុខភាពឲ្យដឹងច្បាស់ថាពួកគាត់បានឆ្លងជំងឺផ្តាសាយបក្សីដែរឬអត់។ គួរបញ្ជាក់ថា​ ប្រសិនបើជំងឺផ្តាសាយបក្សីបន្តរាតត្បាតតាមសហគមន៍ឥណ្ឌាទៀតនោះ ប្រទេសដែលមានពលរដ្ឋជាង ១ពាន់លាននាក់នេះនឹងជួបការលំបាកកាន់តែខ្លាំង ព្រោះគ្រាន់តែបញ្ហាជំងឺកូវីដ ១៩ តែមួយបានធ្វើឲ្យឥណ្ឌាធ្លាក់ក្នុងស្ថានភាពអាក្រក់រួចទៅហើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: