ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    រថយន្តកុងតៃន័រ បើកលឿនគេចពីម៉ូតូក្មេងស្ទាវមួយក្រុម ក៏ជ្រុលឡើងលើចិញ្ចើមផ្លូវបុករថយន្តមួយគ្រឿងកំពុងចតមុខផ្ទះ ហើយរុញទៅបុកទម្លុះទ្វារប្រជាពលរដ្ឋបាក់ខ្ទេច ខូចខាតយ៉ាងដំណំ

    BY Khmernote Media July 24, 2021
    រថយន្តកុងតៃន័រ បើកលឿនគេចពីម៉ូតូក្មេងស្ទាវមួយក្រុម ក៏ជ្រុលឡើងលើចិញ្ចើមផ្លូវបុករថយន្តមួយគ្រឿងកំពុងចតមុខផ្ទះ ហើយរុញទៅបុកទម្លុះទ្វារប្រជាពលរដ្ឋបាក់ខ្ទេច ខូចខាតយ៉ាងដំណំ

    រាជធានីភ្នំពេញ៖ រថយន្តកុងតៃន័រ បើកបរក្នុងល្បឿនលឿន គេចពីម៉ូតូដែលប្រដេញគ្នាមកពីមុខរថយន្ត ក៏ជ្រុលឡើង លើចិញ្ចើមផ្លូវ ទៅបុករថយន្ត ATOZ ដែលចតមុខផ្ទះ ហើយរុញទៅបុកទម្លុះទ្វារផ្ទះប្រជាពលរដ្ឋបាក់ខ្ទេច ខូចខាតទាំងរថយន្តនិងទ្វារផ្ទះ តែសំណាងល្អ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ បង្កការភ្ញាក់ផ្អើលដល់អ្នកប្រជាពលរដ្ឋ នាំគ្នាជួយឃាត់តៃកុងបាន រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍ប៉ុស្តិ៍និរោធផងដែរ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១១៖៤០នាទីយប់ ថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ស្ថិតនៅចំណុចផ្លូវជាតិលេខ១ ទល់មុខវត្តនិរោធរង្សី ផ្ទះលេខ១០៧ ក្រុម៥ ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    បើតាមអ្នកឃើញហេតុការណ៍ផ្ទាល់ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តធុនធំសណ្ដោងកន្ទុយកុងតឺន័រមួយគ្រឿង ក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3B-1219 សណ្ដោងកុងតឺន័រ (មិនមានទូរកុងតឺន័រ) ស្លាកលេខព្រះសីហនុ 4A-1062 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងល្បឿនលឿន លុះមកជិតដល់ចំណុចកើតហេតុ ស្រាប់តែមានក្រុមក្មេងស្ទាវជិះម៉ូតូប្រដេញមានគ្នា៣ទៅ ៤ម៉ូតូ ហើយបានវ៉ាស្ដាំរួចជែងចូលទៅខាងមុខរថយន្ត ដែលកំពុងបើកលឿនដែរ ទើបធ្វើឲ្យតៃកុងរថយន្ត ជាន់ហ្វ្រាំង កាច់ចង្កូតគេចទៅខាងស្ដាំដៃ ក៏ជ្រុលឡើងចិញ្ចើមផ្លូវ ទៅបុករថយន្តមួយគ្រឿងទៀត ជារបស់ម្ចាស់ផ្ទះរងគ្រោះ ម៉ាក HYUNDAI ATOZ ពណ៌ក្រហម ស៊េរីឆ្នាំ១៩៩៨ ពាក់ស្លាកលេខភ្នំពេញ 2R-6516 ដែលចតលើចិញ្ចើមផ្លូវខាងមុខផ្ទះកើតហេតុ បណ្ដាលឲ្យខូចខាតហើយរថយន្តបង្កមិនទាន់អស់ល្បឿន បានបន្តរុញទៅបុកទម្លុះទ្វារចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យបាក់ខូចខាតទាំងរថយន្ត ATOZ ខ្ទេចមើលលែងយល់ និងទ្វារផ្ទះ របើកដែកខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលដល់អ្នកប្រជាពលរដ្ឋ នាំគ្នាជួយឃាត់តៃកុងបាន រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍និរោធ ចុះមកឃាត់ខ្លួនភ្លាមៗផងដែរ។

    បើតាមសម្ដីលោកយាយដែលជាម្ចាស់ផ្ទះរងគ្រោះ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា រូបគាត់និងក្រុមគ្រួសារទើបចូលសម្រាក ដោយបានបិទទ្វារផ្ទះប្រហែល១ម៉ោងប៉ុណ្ណោះ ស្រាប់តែលាន់លឺសូរប្រាវ រង្គើកក្រើកទាំងផ្ទះតែម្ដង ធ្វើឲ្យពួកគាត់ មានការភិតភ័យនិងតក់ស្លុតយ៉ាងខ្លាំងញាប់ញ័រ ដៃជើងអស់ហើយ នេះសំណាងហើយ ដែលមិនបង្កគ្រោះថ្នាក់ដល់ក្រុមគ្រួសារគាត់។

    បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលនិរោធ សហការជាមួយជំនាញផ្នែកវាស់វែងចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានចុះបាញ់គំនូស រួចប្រគល់អោយជំនាញ ចុះមកវាស់វែង យករថយន្ដទាំងពីរយកទៅរក្សាទុក បណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នាតាមច្បាប់ផងដែរ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: