ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    រថយន្តPRUIS ឆ្លងកាត់ផ្លូវបំបែកជាបួន គេចពីរថយន្តកុងតឺន័របើកបំពានស្ដុប ជ្រុលទៅបុកម៉ូតូមួយគ្រឿងយ៉ាងពេញទំហឹង បណ្ដាលអោយម្ចាស់ម៉ូតូកៀ.បជាប់ម៉ូតូ រងរបួសធ្ងន់

    BY Khmernote Media July 24, 2021
    រថយន្តPRUIS ឆ្លងកាត់ផ្លូវបំបែកជាបួន គេចពីរថយន្តកុងតឺន័របើកបំពានស្ដុប ជ្រុលទៅបុកម៉ូតូមួយគ្រឿងយ៉ាងពេញទំហឹង បណ្ដាលអោយម្ចាស់ម៉ូតូកៀ.បជាប់ម៉ូតូ រងរបួសធ្ងន់

    រាជធានីភ្នំពេញ៖ រថយន្ត PRUIS មួយគ្រឿង បើកឆ្លងកាត់ផ្លូវបំបែកជាបួន គេចពីរថយន្តកុងតឺន័រធុនធំដែលបើកបំពានស្តុប ក៏ជ្រុលទៅបុកចំម៉ូតូ Nex ទាំងកំរោល រុញផ្ទប់និងបង្គោលស្លាកឈ្មោះវត្តទ្រេតដល់ដី បណ្ដាលឲ្យយុវជនម្នាក់កៀបជាប់ម៉ូតូ រងរបួសយ៉ាងទម្ងន់ ចំណែករថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវទេ បានព្យាយាមបើករត់ បានជិត១គីឡូម៉ែត្រ ត្រូវសមត្ថកិច្ចឃាត់បានដដែល។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១០៖៥០នាទីយប់ នៅចំណុចស្តុបទល់មុខស្នាក់ការប៉ុស្តិ៍ និរោធ ផ្លូវបំបែកជាបួន លើផ្លូវជាតិលេខ១ កែងផ្លូវ៣៥១ ភូមិតាង៉ូវកណ្ដាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ភាគីខាងរថយន្តម៉ាកតូយ៉ូតាព្រូស(TOYOTA PRIUS) ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AM-6023 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដឹកស្ត្រីជាប្រពន្ធនិងកូនប្រុសស្រី២នាក់ទៀតរួមដំណើរជាមួយ។ ចំណែកឯភាគីខាងម៉ូតូម៉ាក Suzuki Nex ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1HR-0273 បើកបរដោយយុវជនម្នាក់មានឈ្មោះ គឹម សំណាម អាយុ ១៧ឆ្នាំ មានទីលំនៅក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ (រងរបួសធ្ងន់)។

    សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត PRUIS ខាងលើ ធ្វើដំណើរតាមផ្លូវបេតុងចេញពីភូមិឬស្សីស្រស់ ឆ្លងកាត់ផ្លូវបំបែកជាបួន បានបន្តិចស្រាប់តែមានរថយន្តកុងតឺន័រធុនធំមិនចាំស្លាកលេខមួយគ្រឿង បើកបរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន និងបំពានភ្លើងស្តុបចរាចរណ៍ ទើបធ្វើអោយអ្នកបើករថយន្ត PRUIS បន្ថែមល្បឿន គេចឲ្យផុតពីរថយន្តកុងតឺន័រ តែក៏ជ្រុលទៅបុកចំម៉ូតូ Nex របស់យុវជនខាងលើទាំងកំរោល ខណៈពេលកំពុងធ្វើដំណើរតាមផ្លូវ៣៥១ ពីត្បូងទៅជើង ក្នុងល្បឿនយឺតៗ ហើយរថយន្តបានរុញទៅបុកផ្ទប់និងបង្គោលស្លាកឈ្មោះវត្តប្រជុំវង្សមួយដើម វៀចទ្រេតដល់ដី និងបណ្ដាលឲ្យយុវជនម្ចាស់ម៉ូតូរងរបួសយ៉ាងទម្ងន់កៀបជាប់ម៉ូតូ តែសំណាងល្អ មានពាក់មួកសុវត្ថិភាពក្បាលត្រឹមត្រូវដែរ។

    ប្រភពដដែលបន្តថា ចំណែករថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវទេ បានព្យាយាមបើករត់តាមផ្លូវ៣៥១ រួចបត់ទៅតាមផ្លូវក្រោយវត្តនិរោធ ក៏ត្រូវបងប្អូនប្រជាពលរដ្ឋសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍និរោធ ជួយដេញតាមឃាត់បាននៅខាងកើតវត្តនិរោធ រួចប្រគល់អោយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ចុះទៅយកនាំទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីរងចាំដោះស្រាយគ្នាតាមច្បាប់។

    បច្ចុប្បន្នក្រោយកើតហេតុ ម៉ូតូជនរងគ្រោះត្រូវបានរក្សាទុកនៅប៉ុស្តិ៍និរោធ ចំណែកជនរងគ្រោះអ្នកបើកបរម៉ូតូត្រូវបាន មិត្តភ័ក្ដិ និងក្រុមគ្រួសារ មកដឹកតាមម៉ូតូបញ្ជូនទៅ មន្ទីរពេទ្យបង្អែកច្បារអំពៅ ដើម្បីអោយក្រុមគ្រូពេទ្យ ពិនិត្យមើល និងព្យាបាលភ្លាមៗផងដែរ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: