ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    បុរសម្នាក់ស្រវឹងជោក បើករថយន្តស្លាកលេខខេមរភូមិន្ទ បុករថយន្តពីរគ្រឿង បណ្តាលឲ្យខូចខាត

    BY Khmernote Media July 24, 2021
    បុរសម្នាក់ស្រវឹងជោក បើករថយន្តស្លាកលេខខេមរភូមិន្ទ បុករថយន្តពីរគ្រឿង បណ្តាលឲ្យខូចខាត

    រាជធានីភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសស្រវឹងស្រា ជោកជាំម្នាក់ បើករថយន្តបង្កទៅបុករថយន្តចតស្ងៀមនៅលើចិញ្ចើមផ្លូវ ហើយក៏បានបន្តដំណើរទៅមុខ បានបុករថយន្តមួយគ្រឿង ទៀតកំពុងបើកឆ្លងកាត់ផ្លូវបំបែកជាបួនពេញទំហឹង បណ្តាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវ២៨គ្រួសារ កែងផ្លូវបេតុងតាជេត ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាកពីវេលាម៉ោង០៩៖៣០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ។

    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿង ម៉ាកហ្វត (Ford Ranger) ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ 01 2-5981 ដោយធ្វើដំណើរក្នុងស្ថានភាពស្រវឹងជោកជាំ តាមបណ្តោយផ្លូវបេតុងតាជេត ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ពេលមកដល់ត្រង់ចំណុចកើតហេតុ ត្រង់ផ្លូវបំបែកជាបួន ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកតូយ៉ូតា តាកូម៉ា ពណ៌ស្ករ ពាក់ស្លាកលេខកំពង់ចាម 2A-4850 បើកបរដោយប្តីប្រពន្ធពីរនាក់ តាមបណ្ដោយផ្លូវ២៨គ្រួសារ ទិសដៅពីលិចទៅកើត រួចក៏បានឆ្លងកាត់ផ្លូវបេតុងឆ្លងបានពាក់កណ្ដាលផ្លូវ ក៏ត្រូវបានរថយន្តហ្វតបុកចំផ្នែកខាងមុខចំហៀងខាងឆ្វេង បណ្តាលឲ្យរងការខូចខាត បាក់ក្រឡេកង់និងក្រពឹតចំហៀងខាងឆ្វេង ផ្នែកខាងមុខ។ ចំណែកឯរថយន្តហ្វត បានខូចខាតកាងខាងមុខចំហៀងខាងឆ្វេង។

    ប្រមាណជាកន្លះម៉ោងមុនពេលកើតហេតុ រថយន្តហ្វតខាងលើ បានបើកទៅបុករថយន្តមួយគ្រឿងទៀត ម៉ាកហាយលែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AU-1595 ដែលឈប់ចតស្ងៀមនៅលើចិញ្ចើមផ្លូវ ត្រង់ចំណុចក្បែរវត្តសំរោងអណ្ដែត តាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ហើយបុរសជាអ្នកបើកបររថយន្តហ្វត ក៏បានចរចាដោះស្រាយគ្នា និងចេញសំណង់ចំនួន៣០០ដុល្លារ ឲ្យទៅភាគីរថយន្តហាយលែនឌ័រ ដើម្បីបញ្ចប់រឿង។ បន្ទាប់មករថយន្តហ្វតនោះ ក៏បានបើកចេញពីទីកន្លែងនោះ រហូតដល់ចំណុចកើតហេតុក៏បង្កគ្រោះថ្នាក់ចរាចរណ៍ម្តងទៀត។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើអន្តរាគមន៍ ហើយភាគីទាំងពីរក៏បានចរចាគ្នា ដោយភាគីខាងរថយន្តហ្វត បានចេញសំណងចំនួន១៥០ដុល្លារ ឲ្យទៅភាគីខាងរថយន្តតាកូម៉ា ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុផងដែរ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: