ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋមន្ត្រីឧស្សាហកម្មថៃអះអាងថា ថៃនឹងគ្មានបញ្ហាខ្វះខាតខ្យល់អ៊ុកស៊ីសែនឡើយបើទោះជាអ្នកជំងឺកូវីដ ១៩មានចំនួនច្រើនក៏ដោយ

    BY Pheakdey July 27, 2021
    រដ្ឋមន្ត្រីឧស្សាហកម្មថៃអះអាងថា ថៃនឹងគ្មានបញ្ហាខ្វះខាតខ្យល់អ៊ុកស៊ីសែនឡើយបើទោះជាអ្នកជំងឺកូវីដ ១៩មានចំនួនច្រើនក៏ដោយ

    ថៃ៖ លោក Suriya Jungrungreangkit ដែលជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្មថៃបានចេញមកអះអាងជាសាធារណៈថា ការផ្គត់ផ្គង់ខ្យល់អ៊ុកស៊ីសែនសម្រាប់អ្នកជំងឺកូវីដ ១៩ នៅទូទាំងប្រទេសនឹងពុំមានការខ្វះខាតឡើយ បើទោះជាចំនួនអ្នកឆ្លងថ្មីកំពុងបន្តកើនឡើងជារៀងរាល់ថ្ងៃក៏ដោយ។ លោករដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះនៅក្នុងមួយថ្ងៃគេអាចផលិតខ្យល់អ៊ុកស៊ីសែនបានយ៉ាងហោចណាស់ ១,៨៦០ តោន​ ដែលចំនួននេះគឺច្រើនជាងតម្រូវការប្រចាំថ្ងៃរួចទៅហើយ ខណៈដែលក្នុងករណីចាំបាច់ខ្លាំងគេអាចបង្កើនបរិមាណផលិតរហូតដល់ ២,២០០ តោនក្នុងមួយថ្ងៃ។

    គួរបញ្ជាក់ថា ការថ្លែងធានាអះអាងរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មថៃនៅពេលនេះគឺត្រូវបានធ្វើឡើងក្រោយមានសាធារណៈជនជាច្រើនបានបង្ហាញនូវក្តីព្រួយបារម្ភចំពោះបញ្ហាខ្វះខ្យល់អ៊ុកស៊ីសែនសម្រាប់ជួយសង្គ្រោះអ្នកជំងឺកូវីដ ១៩ ព្រោះមួយរយៈចុងក្រោយនេះចំនួនអ្នកឆ្លងកូវីដ ១៩ នៅក្នុងប្រទេសថៃបានកើនឡើងគួរឲ្យកត់សម្គាល់។ សូមបញ្ជាក់ផងដែរថា ថៃបានរកឃើញអ្នកឆ្លងកូវីដ ១៩ ក្នុងចំនួនជាង ១ម៉ឺននាក់ក្នុងរយៈពេល ១០ថ្ងៃជាប់ៗគ្នាហើយ ខណៈគិតត្រឹមពេលនេះថៃមានអ្នកឆ្លងសរុបជាង ៥២ ម៉ឺននាក់ និងស្លាប់សរុបជាង ៤ ពាន់នាក់៕

    លោក Suriya Jungrungreangkit រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មថៃ

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: