ឥណ្ឌូនេស៊ីកំពុងពិចារណាចាក់វ៉ាក់សាំងកូវីដជូនពលរដ្ឋថែម ១ដូសទៀត ក្រោយអ្នកជំនាញរកឃើញថាប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំង Sinovacចំនួន ២ដូសនឹងថយចុះខ្លាំងក្រោយចាក់បាន ៦ខែ
ឥណ្ឌូនេស៊ី៖ សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ពេលនេះអាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌូនេស៊ីកំពុងពិចារណាអំពីជម្រើសនៃការចាក់វ៉ាក់សាំងកូវីដ ១៩ បន្ថែមមួយ ១ ដូសទៀតជូនពលរដ្ឋខ្លួន ពោលគឺមានន័យថាពលរដ្ឋឥណ្ឌូនេស៊ីម្នាក់នឹងត្រូវទទួលវ៉ាក់សាំងរហូតដល់ ៣ដូស។ ជម្រើសនៃការចាក់វ៉ាក់សាំងកូវីដ ១៩ រហូតដល់ទៅ ៣ ដូសនេះបានកើតមានឡើងក្រោយក្រុមអ្នកជំនាញឥណ្ឌូនេស៊ីបានរកឃើញកាលពីដើមសប្តាហ៍នេះថា ប្រសិទ្ធនៃការចាក់វ៉ាក់សាំងកូវីដ ១៩ ប្រភេទ Sinovac ចំនួន ២ដូសនឹងថយចុះខ្លាំងក្រោយពេលចាក់បាន ៦ខែ ពោលគឺថយចុះដល់ក្រោមកម្រិតសំខាន់ដែលអាចប្រឆាំងនឹងមេរោគបាន។ ជាមួយគ្នានេះការសិក្សាបានបង្ហាញថា ការចាក់វ៉ាក់សាំង Sinovac ចំនួន ៣ដូសនឹងជួយបង្កើតប្រព័ន្ធការពាររាងកាយក្នុងខ្លួនមនុស្សបានយូរជាងការចាក់បានត្រឹមតែ ២ ដូស។

គួររម្លឹកថា ថ្មីៗនេះអាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីបានផ្តើមមានការព្រួយបារម្ភចំពោះប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងយ៉ាងខ្លាំង ព្រោះកាលពីប៉ុន្មានសប្តាហ៍មុននេះមានបុគ្គលិកសុខាភិបាលឥណ្ឌូនេស៊ីជាច្រើនរយនាក់ដែលសុទ្ធតែបានចាក់វ៉ាក់សាំងកូវីដ ១៩ រួចរាល់ចំនួន ២ ដូសបានស្លាប់បាត់បង់ជីវិតក្រោយពេលឆ្លងជំងឺកូវីដ ១៩ ។ សូមបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះឥណ្ឌូនេស៊ីទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ចំនួន ១៧៣លានដូសហើយសម្រាប់យកទៅចាក់ជូនពលរដ្ឋខ្លួនដែលភាគច្រើននៃវ៉ាក់សាំងទាំងអស់នោះគឺជាវ៉ាក់សាំងប្រភេទ Sinovac ។ ចំពោះយុទ្ធនាការនៃការចាក់វ៉ាក់សាំងវិញគឺត្រឹមពេលនេះមានពលរដ្ឋឥណ្ឌូនេស៊ីជាង ១៦ លាននាក់បានចាក់វ៉ាក់សាំងរួចរាល់ចំនួន ២ដូសនិងជាង ៤៤លាននាក់ទើបចាក់បាន ១ដូស ខណៈឥណ្ឌូនេស៊ីមានពលរដ្ឋសរុបជាង ២៧៦ លាននាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia