ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង្គការសហប្រជាជាតិព្រមានថា ពលរដ្ឋមីយ៉ាន់ម៉ាពាក់កណ្តាលប្រទេសអាចនឹងឆ្លងជំងឺកូវីដ ១៩ នៅក្នុងរយៈពេល ២សប្តាហ៍បន្ទាប់ទៀត

    BY Pheakdey July 30, 2021
    អង្គការសហប្រជាជាតិព្រមានថា ពលរដ្ឋមីយ៉ាន់ម៉ាពាក់កណ្តាលប្រទេសអាចនឹងឆ្លងជំងឺកូវីដ ១៩ នៅក្នុងរយៈពេល ២សប្តាហ៍បន្ទាប់ទៀត

    អង្គការសហប្រជាជាតិ៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រទេសអង់គ្លេសបានព្រមានក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិថា នៅក្នុងរយៈពេល ២ សប្តាហ៍បន្ទាប់ទៀតនេះ ពលរដ្ឋពលមីយ៉ាន់ម៉ាជាច្រើនលាននាក់ពោលគឺពាក់កណ្តាលនៃចំនួនពលរដ្ឋសរុបចំនួន ៥៤ លាននាក់អាចនឹងឆ្លងជំងឺកូវីដ ១៩។ សម្រាប់ប្រទេសអង់គ្លេសបានចាត់ទុកស្ថានភាពនេះថា ជារឿងអាក្រក់បំផុតសម្រាប់ប្រទេសមីយ៉ាន់ម៉ាផងដែរ រាប់ចាប់តាំងពីក្រុមយោធាបានធ្វើរដ្ឋប្រហារកាលពីដើមខែកុម្ភៈមក។ បើតាមលោក Barbara Woodward ដែលជាឯកអគ្គរដ្ឋទូតអង់គ្លេសក៏បានស្នើទៅកាន់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិឲ្យជួយរកដំណោះស្រាយសម្រាប់ប្រទេសមីយ៉ាន់ផងដែរ ដូចជាជំរុញឲ្យមានបទឈប់បាញ់នៅតំបន់ជម្លោះដើម្បីអនុញ្ញាតឲ្យមានការដឹកជញ្ជូននិងចែកចាយវ៉ាក់សាំងកូវីដ ១៩ ប្រកបដោយសុវត្ថិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

    គួរបញ្ជាក់ថា ចាប់តាំងពីមានរដ្ឋប្រហារយោធាមកក្រុមគ្រូពេទ្យមីយ៉ាន់ម៉ាជាច្រើននាក់បានឈប់ទៅធ្វើការងារដើម្បីតវ៉ាប្រឆាំងនឹងរបបយោធា មន្ទីរពេទ្យមួយចំនួនត្រូវបានក្រុមយោធាកម្ទេចចោល ហើយក៏មានគ្រូពេទ្យមួយចំនួនត្រូវបានក្រុមយោធាចាប់ខ្លួនផងដែរ ដូចនេះតាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិគឺកន្លែងផ្តល់សេវាថែទាំសុខភាពនៅក្នុងប្រទេសមីយ៉ាម៉ាដែលអាចនៅដំណើរការគឺមានត្រឹមតែ ៤០% ប៉ុណ្ណោះ។ ស្របពេលជាមួយគ្នានេះពលរដ្ឋមីយ៉ាន់ម៉ាជាច្រើននាក់នៅតែបន្តការជួបជុំដើម្បីតវ៉ាជាមួយរដ្ឋាភិបាលយោធាដោយមិនបានរក្សាគម្លាតសង្គមនោះទេ ដែលវាជាហេតុផលមួយធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ ១៩ នៅមីយ៉ាន់ម៉ាបន្តកើនឡើងយ៉ាងខ្លាំងផងដែរ។ គិតត្រឹមពេលនេះមីយ៉ាន់ម៉ាមានអ្នកឆ្លងកូវីដ ១៩ សរុបជាង ២៨ម៉ឺននាក់និងស្លាប់ជាង ៨ពាន់នាក់ផងដែរ ខណៈការចាក់វ៉ាក់សាំងវិញគិតត្រឹមពេលនេះមានពលរដ្ឋមីយ៉ាន់ម៉ាជាង ១,៥លាននាក់បានចាក់វ៉ាក់សាំងរួចរាល់ទាំង ២ ដូស និងជាង ១,៨ លានបានចាក់ត្រឹមដូសទី ១៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: