អាជ្ញាធរថៃបានឲ្យដឹងថា មានជនខិលខូចបានបន្លំលួចវ៉ាក់សាំងកូវីដរបស់ជាតិយកទៅលក់ក្រៅផ្លូវការឲ្យពលរដ្ឋរាប់ពាន់នាក់និងអាចរកប្រាក់បានរាប់លានបាត
ថៃ៖ ប៉ូលិសថៃបានឲ្យដឹងតាមរយៈសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីព្រឹកថ្ងៃចន្ទ ទី ២ សីហា នេះថា យ៉ាងយោចណាស់មានពលរដ្ឋថៃជាង ៧,០០០ នាក់បានទិញវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដែលជនខិលខូចបានលួចបន្លំពីកញ្ចប់វ៉ាក់សាំងជាតិរបស់រដ្ឋាភិបាលថៃយកទៅលក់ដោយខុសច្បាប់។ ប៉ូលិសថៃបានបញ្ជាក់ថា ចាប់តាំងពីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ មក ក្រុមជនខិលខូចអាចរកប្រាក់បានយ៉ាងតិចណាស់ ៧ លានបាត (ជាង ២១ ម៉ឺនដុល្លារ) ពីសកម្មភាពខុសច្បាប់មួយនេះ ខណៈពេលនេះអាជ្ញាធរថៃកំពុងបើកការស៊ើបអង្កេតយ៉ាងបន្ទាន់មួយដើម្បីតាមស្វែងរក ជនខិលខូចដែលមានការពាក់ព័ន្ធក្នុងករណីនេះ។ បើតាមលោក Mingkwan Wichaidit ដែលជានាយកមជ្ឈមណ្ឌលចាក់វ៉ាក់សាំងប្រចាំនៅក្រុងបាងកកបានឲ្យដឹងថា សកម្មភាពលួចបន្លំយកវ៉ាក់សាំងបង្ការកូវីដរបស់ជាតិយកទៅលក់ក្រៅផ្លូវការ នេះត្រូវបានគេគត់សម្គាល់នៅក្នុងអំឡុងពេលដែលអាជ្ញាធរសុខាភិបាលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជាពិសេសមួយជូនពលរដ្ឋនៅឯស្ថានីយ៍ Bang Sue Grand Station កាលពីខែមុន ដែលពេលនោះអាជ្ញាធរបានបើកឲ្យពលរដ្ឋទូទៅអាចចូលទៅចុះឈ្មោះចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា ដោយអាជ្ញាធរមិនបានកំណត់ចំនួនប្រជាពលរដ្ឋមុននោះទេ ហើយក្រោយពេលបិទបញ្ចប់យុទ្ធនាការនេះគេបានមើលឃើញថា តួលេខអ្នកមកទទួលវ៉ាក់សាំងហាក់មានកម្រិតខ្ពស់ជាងចំនួនពលរដ្ឋដែលបានមកចាក់វ៉ាក់សាំងជាក់ស្តែងខ្លាំងណាស់។

ក្រោយមកអាជ្ញាធរថៃបានរកឃើញថា ក្នុងអំឡុងពេលបើកយុទ្ធនាការចាក់វ៉ាក់សាំងនោះគឺមានក្រុមអ្នកស្ម័គ្រចិត្តជាច្រើនបានទៅជួយបំពេញលិខិតចុះឈ្មោះរបស់ប្រជាពលរដ្ឋដើម្បីជួយពន្លឿនការចុះឈ្មោះនិងកាត់បន្ថយការកកស្ទះមនុស្សនៅកន្លែងចាក់វ៉ាក់សាំង ហើយឆ្លៀតក្នុងឱកាសនោះក្រុមអ្នកស្ម័គ្រចិត្តដែលបានចាក់វ៉ាក់សាំងរួចហើយនោះក៏បានចុះឈ្មោះថ្មីម្តងទៀតដើម្បីមានសិទ្ធទទួលវ៉ាក់សាំងតែម្តង ខណៈដែលតាមជាក់ស្តែងគឺក្រុមជនខិលខូចបានរក្សាចំនួនវ៉ាក់សាំងដែលលួចបន្លំបានពីអាជ្ញាធរសម្រាប់យកទៅលក់ក្រៅផ្លូវការឲ្យពលរដ្ឋផ្សេងទៀតដែលកំពុងត្រូវការវ៉ាក់សាំងជាបន្ទាន់។ រហូតមកទល់នឹងពេលនេះគេបានរកឃើញពលរដ្ឋថៃប្រមាណជា ៣០០ នាក់ហើយ ដែលជាអ្នកធ្លាប់បានចំណាយលុយក្រៅផ្លូវការសម្រាប់ទទួលបានវ៉ាក់សាំងកូវីដ ១៩ នេះ ដោយជាមធ្យមពួកគាត់ត្រូវចំណាយប្រាក់ម្នាក់ ១ ០០០ បាត ( ៣០ ដុល្លារអាមេរិក) សម្រាប់ការចាក់វ៉ាក់សាំងទាំង ២ ដូស។ អាជ្ញាធរថៃក៏បានរកឃើញដែរថា មានពលរដ្ឋប្រមាណជា ៧០០ នាក់បានមកណាត់ជួបគ្រូពេទ្យសម្រាប់ទទួលបានវ៉ាក់សាំងក្រៅផ្លូវការនៅចន្លោះពីថ្ងៃទី ១៨-២៧ មិថុនា និងប្រមាណជា ៧,០០០ បានធ្វើសកម្មភាពដូចគ្នានៅចន្លោះពីថ្ងៃទី ២៨-៣១ មិថុនា។ អាជ្ញាធរថៃបានបញ្ជាក់ផងដែរថា នឹងតាមស្វែករកជនខិលខូចក្នុងករណីនេះឲ្យទាល់តែឃើញដើម្បីឲ្យពួកគេមកទទួលទោសតាមផ្លូវច្បាប់៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍