កូវីដវាយលុកខ្លាំងពេក ដល់ថ្នាក់ព្រះសង្ឃថៃ គ្រងឈុតការពារមេរោគ និមន្តចេញមកជួយប្រយុទ្ធជាមួយក្រុមគ្រូពេទ្យតតាំងនឹងវីរុសកូវីដ១៩
ថៃ៖ ខណៈដែលជំងឺកូវីដ ១៩ កាន់តែរាតត្បាតខ្លាំងឡើងៗនៅទូទាំងប្រទេសថៃនោះគេបានសង្កេតឃើញថា មានព្រះសង្ឃថៃជាច្រើនអង្គបានគ្រងឈុតការពារមេរោគ PPE ពីលើស្បង់ចីពររបស់ព្រះអង្គដើម្បីចូលរួមជួយកិច្ចការមួយចំនួនជាមួយនឹងក្រុមបុគ្គលិកសុខាភិបាលថៃដែលកំពុងតែមមាញឹកយ៉ាងខ្លាំងក្នុងការជួយសង្គ្រោះអ្នកជំងឺកូវីដ ១៩ ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន RFI បានបញ្ជាក់ថា កិច្ចការដែលព្រះសង្ឃថៃអាចជួយដល់ក្រុមបុគ្គលិកសុខាភិបាលនោះមានដូចជា ជួយយកសំណាកពីប្រជាពលរដ្ឋដើម្បីធ្វើតេស្តរកជំងឺកូវីដ ១៩ ជួយចែកចាយបំពង់ខ្យល់អុកស៊ីសែន និងជួយយកសាកសពអ្នកជំងឺកូវីដ ១៩ ទៅបូជាជាដើម។

បើតាមព្រះអង្គ Mahapromphong ព្រះជន្ម ៣៣ វស្សា ជាព្រះគ្រូសូត្រស្តាំនៅវត្ត Suthi Wararam បានមានសង្ឃដីកាថា៖ “ព្រះសង្ឃអាចរស់បានដោយសារការបរិច្ចាគទានពីសំណាក់ពុទ្ធបិរស័ទ ដូចនេះនៅពេលពុទ្ធបរិស័ទជួបប្រទះបញ្ហា ព្រះអង្គមានព្រះទ័យរីករាយណាស់ក្នុងការជួយសង្គ្រោះពុទ្ធបរិស័ទវិញ”។ ព្រះគ្រូសូត្រស្តាំអង្គនេះបានបន្តថា៖ “ព្រះអង្គបានរៀនយកសំណាកនិងធ្វើតេស្តរកជំងឺកូវីដ ១៩ ពីក្រុមវេជ្ជបណ្ឌិតដែលបានមកបំពេញការងារប្រមូលសំណាកសម្រាប់ធ្វើតេស្តនៅក្នុងបរិវេណវត្តរបស់ព្រះអង្គ ខណៈដែលពេលនោះពលរដ្ឋដែលត្រូវមកធ្វើតេស្តមានចំនួនច្រើនខ្លាំងហួសពីសមត្ថភាពដែលខាងបុគ្គលិកសុខាភិបាលអាចធ្វើបាន”។ ព្រះអង្គបានបញ្ជាក់ទៀតថា៖ “ព្រះអង្គនឹងបន្តការងារនេះទៀតរហូតគេអាចយកឈ្នះលើជំងឺកូវីដ ១៩ បាន ហើយបើទោះជាព្រះអង្គផ្ទាល់ត្រូវឆ្លងជំងឺកូវីដ ១៩ ពីអ្នកជំងឺក៏ដោយក៏ព្រះអង្គមិនមានព្រះទ័យស្តាយក្រោយដែរ ពោលគឺត្រូវបន្តជួយបុគ្គលិកសុខាភិបាលរហូតអស់ពីលទ្ធភាព”៕




អត្ថបទ៖ ភក្តី
ប្រភព៖ RFI