ចរាចរណ៍

រថយន្ត NX200t បើកយ៉ាងលឿនរេចង្កូតទៅបុកបង្គោលខ្សែភ្លើង ហើយបន្តទៅបុករះជញ្ជាំងហាងកាហ្វេ បណ្តាលឲ្យដាច់រថយន្តជា២កំណាត់ ឯតៃកុងកៀបជាប់ក្នុងរថយន្តបាត់បង់ជីវិតភ្លាមៗ

BY
Khmernote Media
August 3, 2021

រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើប LEXUS NX200t ដាច់ជា២កំណាត់ និងស្លាប់អ្នកបើកបរកៀបជាប់ក្នុងរថយន្ត បន្ទាប់ពីបើកបរក្នុងល្បឿនលឿន រេចង្កូតទៅបុកបង្គោលខ្សែភ្លើង និងបន្តទៅបុករះជញ្ជាំងខាងមុខហាងកាហ្វេបាក់បែកខ្ទេចខ្ចីរាយប៉ាយពេញលើរថយន្តដែលដាច់ជា២កំណាត់ខូចខាតខ្ទេចទាំងស្រុង និងបណ្ដាលឲ្យបុរសដែលជាអ្នកបើកបរ បានស្លាប់ចោលប្រពន្ធដែលទើបរៀបការយ៉ាងអាណោចអាធ័ម ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៣:០៥នាទីជិតភ្លឺ ឈានចូលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ ស្ថិតនៅចំណុចហាងកាហ្វេយីហោ “The Week Cafe” លេីផ្លូវសហព័ន្ធរុស្សី ទល់មុខព្រលានយន្តហោះ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តខាងលើម៉ាកឡិសស៊ីស (LEXUS NX200t) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AU-1056 បើកបរដោយជនរងគ្រោះមានឈ្មោះ សុន សុភាព ហៅ ចាវ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអតីតបុគ្គលិកក្នុងក្លឹប និងជាអ្នកបើករថយន្តដឹកជនជាតិចិន មានទីលំនៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (កៀបជាប់ក្នុងរថយន្តស្លាប់ភ្លាមៗនៅនឹងកន្លែង) ការស្លាប់របស់ជនរងគ្រោះបានបន្សល់ទុកភរិយាដែលទើបរៀបការកាលពីអំឡុងខែកុម្ភៈកន្លងទៅ ត្រូវបាត់បង់ប្ដីជាទីស្រលាញ់របស់ខ្លួន មិនដឹងថាស្រែកទ្រហោយំប៉ុណ្ណានោះទេ និងមិនគួរឲ្យជឿថា ត្រូវជួបរឿងអកុសលបែបនេះសោះឡើយ។

សាក្សីដែលឃើញហេតុការណ៍ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត LEXUS NX200t ស៊េរីទំនើបខាងលើ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃទៅឡើងចិញ្ចើមផ្លូវ ទៅបុកចំបង្គោលខ្សែភ្លើងថ្ម បែកបាក់ត្រឹមគល់ ហើយរថយន្តបង្កមិនទាន់អស់ល្បឿន បានបន្តទៅបុករះជញ្ជាំងហាងកាហ្វេយីហោ “The Week Cafe” បណ្ដាលឲ្យសម្ភារៈមួយចំនួននិងជញ្ជាំងហាងរងការខូចខាតបាក់បែកខ្ទេចខ្ចីរាយប៉ាយពេញកន្លែងកើតហេតុ និងលើរថយន្តបង្កដែលរងការខូចខាត ដាច់ជា២កំណាត់ខ្ទេចអស់ទាំងស្រុង ចំណែកឯបុរសដែលជាអ្នកបើកបរ បានកៀបជាប់ក្នុងរថយន្តស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតខាងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យមើលផងដែរ ។

ក្រោយមក គេឃើញកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ សហការជាមួយផ្នែកចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានចុះមកពិនិត្យមើលការខូចខាត និងរកមើលអត្តសញ្ញាណរបស់ជនរងគ្រោះ ដើម្បីទាក់ទងស្វែករកសាច់ញាតិ មកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តសមត្ថកិច្ចបានធ្វើកំណត់ហេតុ រួចប្រគល់ឲ្យខាងសមត្ថកិច្ចជំនាញ ចុះមកវាស់វែង និងស្ទូចយករថយន្តបង្ក យកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ ។

បច្ចុប្បន្នសពរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចស្វែងរកសាច់ញាតិនិងក្រុមគ្រួសារឃើញហើយ និងបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: