ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃសម្រេចធ្វើតេស្តទ្រង់ទ្រាយធំក្នុងក្រុងបាងកកដើម្បីកាត់ផ្តាច់ចង្វាក់នៃការចម្លងជំងឺកូវីដ ១៩

    BY Pheakdey August 12, 2021
    ថៃសម្រេចធ្វើតេស្តទ្រង់ទ្រាយធំក្នុងក្រុងបាងកកដើម្បីកាត់ផ្តាច់ចង្វាក់នៃការចម្លងជំងឺកូវីដ ១៩

    ថៃ៖ ដោយសាក្រុងបាងកកនៅតែប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ កម្រិតខ្ពស់ក្នុងរយៈពេលជាច្រើនខែមកនេះ អាជ្ញាធរសុខាភិបាលថៃបានសម្រេចដាក់ចេញនូវវិធានការថ្មីមួយគឺធ្វើតេស្តរកជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំក្នុងចំណោមពលរដ្ឋទូទៅក្នុងក្រុងបាងកក បើទោះជាពលរដ្ឋទាំងនោះពុំមានរោគសញ្ញាអ្វីក៏ដោយ។ បើតាមលោកវេជ្ជបណ្ឌិត Yongyot Thammawut​ ដែលជាអនុរដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលសាធារណៈថៃបានឲ្យដឹងថា ការធ្វើតេស្តទ្រង់ទ្រាយធំ​នេះនឹងត្រូវរៀបចំឡើងនៅក្នុងរយៈពេល ២ សប្តាហ៍បន្ទាប់ទៀត ហើយការធ្វើតេស្តនឹងត្រូវធ្វើឡើងក្នុងតំបន់ដែលមានការរាតត្បាតជំងឺកូវីដ ១៩ ខ្ពស់ប៉ុណ្ណោះ ពោលគឺមិនមែនធ្វើឡើងនៅក្នុងក្រុងបាងកកទាំងមូលនោះទេ។

    លោកវេជ្ជបណ្ឌិតបានបន្តថា ការធ្វើតេស្តទ្រង់ទ្រាយធំដូចនេះនឹងជួយកាត់ផ្តាច់ចង្វាក់នៃការចម្លងមេរោគបានមួយផ្នែកធំ ព្រោះនាពេលកន្លងមកគេបានកត់សម្គាល់ឃើញថា ពលរដ្ឋមួយចំនួនដែលជាភ្នាក់ងារចម្លងមេរោគកូវីដ ១៩ នៅក្នុងសហគមន៍នោះមិនបានដឹងថាខ្លួនឯងបានឆ្លងជំងឺកូវីដ ១៩ នោះទេ ដោយពួកគាត់មានសុខភាពល្អធម្មតា តែដល់ពេលគេតម្រូវឲ្យពួកគាត់ធ្វើតេស្តក្នុងនាមជាមនុស្សដែលមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ ១៩ នោះ ទើបលទ្ធផលបានបង្ហាញថាពួកគាត់ក៏វិជ្ជមានជំងឺកូវីដ ១៩ ដែរ។ លោកវេជ្ជបណ្ឌិត Yongyot Thammawut​ បានបញ្ជាក់ផងដែរថា ក្នុងយុទ្ធនាការធ្វើតេស្តទ្រង់ទ្រាយធំនេះអាជ្ញាធរថៃនឹងប្រើប្រាស់ក្រុមបុគ្គលិកសុខាភិបាលនិងក្រុមឆ្លើយតបរហ័សនឹងជំងឺកូវីដ ១៩ ជាច្រើនរយនាក់ ដែលក្រុមការងារទាំងនេះនឹងចុះទៅធ្វើតេស្តពលរដ្ឋតាមសហគមន៍ តាមកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើន និងនៅតាមខុនដូរមួយចំនួនផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: