ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃសម្រេចផ្អាកទិញឧបករណ៍ធ្វើតេស្តរកកូវីដ-១៩ ជាង ៨លានឈុត ក្រោយទទួលដំណឹងថា ឧបករណ៍ទាំងនោះគ្មានគុណភាព

    BY Pheakdey August 13, 2021
    ថៃសម្រេចផ្អាកទិញឧបករណ៍ធ្វើតេស្តរកកូវីដ-១៩ ជាង ៨លានឈុត ក្រោយទទួលដំណឹងថា ឧបករណ៍ទាំងនោះគ្មានគុណភាព

    ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះរដ្ឋាភិបាលថៃបានសម្រេចផ្អាកដំណើរការនៃការបញ្ជាទិញឧបករណ៍សម្រាប់ធ្វើតេស្តអង់ទីហ្សែនជំងឺកូវីដ-១៩ ហើយ ក្រោយទទួលបានដំណឹងថាឧបករណ៍ធ្វើតេស្តទាំងនោះពុំសូវមានគុណភាពនោះទេ។ គួរម្លឹកថា តាមគម្រោងគឺរដ្ឋាភិបាលថៃនឹងទិញឧបករណ៍សម្រាប់ធ្វើតេស្តអង់ទីហ្សែនជំងឺកូវីដ-១៩ ចំនួន ៨,៥ លាន ដោយឧបករណ៍ ១ មានតម្លៃ ៧០ បាត (ជាង ២ដុល្លារ) ខណៈតម្លៃនេះគឺជាតម្លៃដែលបានបូកបញ្ចូលទាំងតម្លៃពន្ធរួចទៀតផង។

    បើតាមលោកវេជ្ជបណ្ឌិត Kiatiphum Wongrajit ដែលជារដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលសាធារណៈថៃបានបញ្ជាក់ ការសម្រេចផ្អាកទិញឧបករណ៍សម្រាប់ធ្វើតេស្តអង់ទីហ្សែនកូវីដ-១៩ នេះ ត្រូវបានធ្វើឡើងភ្លាមៗក្រោយមានប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា ឧបករណ៍ដែលរដ្ឋាភិបាលគ្រោងទិញនោះពុំមានប្រសិទ្ធភាពឡើយ ពោលគឺវាមិនអាចបង្ហាញពីកម្រិតនៃអង់ទីហ្សែនបានត្រឹមត្រូវនោះទេ។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា ទោះត្រូវផ្អាកទិញឧបករណ៍ធ្វើតេស្តទាំងនេះមែនតែរដ្ឋាភិបាលមិនបានលុបចោលគម្រោងទិញនោះទេ ដោយពេលនេះក្រុមអ្នកជំនាញកំពុងស្វែងរកការបញ្ជាទិញឧបករណ៍ធ្វើតេស្តប្រភេទផ្សេងទៀត ដែលមានគុណភាពខ្ពស់ជាងនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

     

    Share This Post: