វ៉ាក់សាំងកូវីដផលិតពីប្រូតេអ៊ីនដំបូងគេរបស់ថៃទទួលបានជោគជ័យដល់ដំណាក់កាលធ្វើតេស្តលើរាងកាយមនុស្សហើយ
ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានឲ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ពិសេសមួយប្រភេទដែលផលិតឡើងដោយប្រទេសថៃផ្ទាល់តែម្តងត្រូវបានគេអភិវឌ្ឍន៍ដល់ដំណាក់កាលពិសោធន៍លើរាងកាយមនុស្សហើយ។ វ៉ាក់សាំងពិសេសនេះត្រូវបានគេផលិតឡើងដោយប្រើប្រូតេអ៊ីនពិសេសៗជាច្រើនប្រភេទសម្រាប់បង្កើតជាអង់ទីករប្រឆាំងនឹងមេរោគ ខណៈវ៉ាក់សាំងកូវីដផ្សេងទៀតត្រូវបានគេបង្កើតឡើងដោយការយកមេរោគមកបំប្លែង ហើយវ៉ាក់សាំងប្រភេទនេះអាចជួយឲ្យរាងកាយមនុស្សស៊ាំជាមួយនឹងមេរោគ ពោលគឺរាងកាយមនុស្សនឹងមិនមានប្រតិកម្មអ្វីនោះទេនៅពេលបានឆ្លងមេរោគ។

ប្រភពខាងលើបានបន្តថា ការធ្វើតេស្តវ៉ាក់សាំងនៅលើរាងកាយមនុស្សនេះនឹងចាប់ផ្តើមនៅដើមខែកញ្ញាខាងមុខនេះ ហើយប្រសិនបើការធ្វើតេស្តនេះទទួលបានជោគជ័យ គេអាចនឹងផលិតជាវ៉ាក់សាំងសម្រាប់ប្រើប្រាស់ជាផ្លូវការបាននៅអំឡុងត្រីមាសទី ៣ ក្នុងឆ្នាំក្រោយ។ គួរបញ្ជាក់ជូនថា វ៉ាក់សាំងថ្មីនេះត្រូវបានផលិតឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ ជូឡាឡុកនសហការណ៍ជាមួយក្រុមហ៊ុន Baiya Phytopharm ខណៈក្រសួងសុខាភិបាលថៃជាអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុ។ សូមបញ្ជាក់ផងដែថា ក្រុមហ៊ុន Baiya Phytopharm មានរោងចក្រផលិតវ៉ាក់សាំងធំមួយដែលបង្កើតឡើងដោយប្រើថវិកា ១៦០ លានបាត (៤,៨ លានដុល្លារ) ហើយរោងចក្រនេះមានសមត្ថភាពអាចផលិតវ៉ាក់សាំងបានប្រមាណជា ៥លានដូសក្នុងមួយខែ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger