វត្តមួយចំនួននៅប្រទេសថៃបានបើកទ្វារផ្តល់ជាកន្លែងស្នាក់នៅនិងព្យាបាលអ្នកជំងឺកូវីដ ១៩
ថៃ៖ នាពេលកន្លងមកវត្តអារាមជាច្រើនកន្លែងនៅក្នុងប្រទេសថៃត្រូវបានគេមើលឃើញថា បានចូលរួមយ៉ាងសកម្មជាមួយក្រុមអាជ្ញាធរសុខាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ ១៩។ ដំបូងឡើយវត្តអារាមមួយចំនួនត្រូវបានគេប្រើប្រាស់ជាកន្លែងសម្រាប់ធ្វើតេស្តរកជំងឺកូវីដ ១៩ ក្រោយមកវត្តមួយចំនួនក៏បានក្លាយជាកន្លែងធ្វើចត្តាឡីស័ក ហើយបន្ទាប់មកទៀតក៏មានព្រះសង្ឃមួយចំនួនសម្រេចគ្រងឈុតការពារមេរោគដើម្បីចូលរួមជួយកិច្ចការសំខាន់ៗមួយចំនួនដូចជា ធ្វើតេស្តប្រជាពលរដ្ឋ ចែកចាយបំពងខ្យល់អ៊ុកស៊ីសែន និងប្រមូលសាកសពអ្នកជំងឺកូវីដ ១៩ យកទៅបូជាជាដើម។

ជាងនេះទៅទៀតកាលពីពេលថ្មីៗនេះ ទីអារាមជាច្រើននៅក្នុងទីក្រុងបាងកកបានសម្រេចបើកទ្វារទទួលអ្នកជំងឺកូវីដ ១៩ កម្រិតស្រាលឲ្យមកស្នាក់នៅនិងព្យាបាលតែម្តង ដើម្បីជួយកាត់ផ្តាច់ចង្វាក់ចម្លងមេរោគនៅក្នុងសហគមន៍។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា គម្រោងខាងលើនេះត្រូវបានក្រុមព្រះសង្ឈថៃដាក់ឈ្មោះថាគម្រោង “Phra Mai Ting Yom” ជាសំនៀងភាសាថៃនិងមានន័យជាខេមរភាសាថា “ព្រះសង្ឃមិនដែលទុកពុទ្ធបរិស័ទរងគ្រោះចោលឡើយ”។
គិតមកទល់នឹងពេលនេះមានវត្តនៅក្នុងក្រុងបាងកកជាង ១០ កន្លែងហើយដែលបានអនុវត្តគម្រោងខាងលើនេះ ហើយតាមរយៈការអនុវត្តគម្រោងនេះគឺវត្តត្រូវបានគេចាត់ទុកដូចជាមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ ១៩ មួយអីចឹងដែរ។ ប្រភពខាងលើបានបន្តថា ក្នុងពេលអនុវត្តគម្រោងជួយអ្នកជំងឺកូវីដ ១៩ នេះ ទីកន្លែងនៅក្នុងបរិវេណវត្តត្រូវបែងចែងដាច់ៗពីគ្នា ដូចជាកន្លែងសម្រាប់ធ្វើតេស្ត កន្លែងសម្រាប់ធ្វើចត្តាឡីស័ក និងកន្លែងសម្រាប់ឲ្យអ្នកជំងឺសម្រាកជាដើម។ វត្តអារាមមួយចំនួនបានប្រកាសរកការបរិច្ចាគពីសប្បុរសជននូវស្បៀងអាហារ ថ្នាំពេទ្យ និងឧបករណ៍ធ្វើតេស្តអង់ទីករឬមេរោគកូវីដ ១៩ សម្រាប់ទុកឲ្យក្រុមព្រះសង្ឃប្រើប្រាស់ចំពោះអ្នកជំងឺនៅក្នុងវត្ត។
ព្រះសង្ឃមួយចំនួនបានសម្រេចចុះតាមសហគមន៍ជាមួយក្រុមបុគ្គលិកសុខាភិបាលតែម្តងដើម្បីជួយធ្វើតេស្តប្រជាពលរដ្ឋ ហើយក្នុងករណីដែលបានរកឃើញអ្នកវិជ្ជមានកូវីដ ១៩ គឺអ្នកជំងឺទាំងនោះនឹងត្រូវនាំយកមកព្យាបាលនៅក្នុងវត្តដើម្បីកាត់ផ្តាច់ចរន្តចម្លងនៅក្នុងសហគមន៍ ខណៈនៅក្នុងវត្តវិញក្រុមព្រះសង្ឃជាច្រើនបានបែងចែកវេនប្រចាំការតាមពេលវេលាផ្សេងៗគ្នាសម្រាប់ពិនិត្យមើលក្រុមអ្នកជំងឺឬយកអាហារឲ្យពួកគេជាដើម។ គួរបញ្ជាក់ថា ក្រុមព្រះសង្ឃថៃបានចេះជំនាញបឋមមួយចំនួននិងរបៀបប្រើប្រាស់ថ្នាំតាមរយៈការបង្រៀនពីក្រុមវេជ្ជបណ្ឌិតដែលបានចុះទៅយកសំណាកប្រជាពលរដ្ឋនៅក្នុងវត្ត ហើយរាល់កិច្ចការដែលក្រុមព្រះសង្ឃបានធ្វើនោះក៏មានការជួយគាំទ្រពីសំណាក់ក្រុមគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ផងដែរ៕


អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍