ថៃសម្រេចទិញឧបករណ៍ធ្វើតេស្តរកកូវីដ-១៩ របស់ចិនចំនួន ៨,៥ លានឈុត បញ្ចប់ភាពស្ទាក់ស្ទើរជុំវិញបញ្ហាគុណភាព
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា កាលពីថ្ងៃចន្ទ ទី១៧ ខែសីហា ម្សិលមិញនេះ រដ្ឋាភិបាលថៃបានសម្រេចបញ្ជាទិញឧបករណ៍ធ្វើតេស្តរកកូវីដ-១៩ ពីប្រទេសចិនហើយ ដែលតាមគម្រោងគឺឧបករណ៍ធ្វើតេស្តទាំងនោះនឹងមានចំនួន ៨,៥ លានឈុត ជាផលិតផលរបស់ក្រុមហ៊ុន Lepu Medical Technology។ គួរម្លឹកថា នាពេលកន្លងរដ្ឋាភិបាលបានសម្រេចផ្អាកដំណើរការទិញឧបករណ៍ធ្វើតេស្តនេះម្តងរួចហើយ ដោយពេលនោះរដ្ឋាភិបាលថៃនៅមិនទាន់មានភាពជឿជាក់ចំពោះគុណភាពនៃឧបករណ៍ធ្វើតេស្តនៅឡើយ ដ្បិតមានបណ្តាញសារព័ត៌មានជាច្រើនបានចុះផ្សាយថាឧបករណ៍ធ្វើតេស្តមិនអាចបង្ហាញលទ្ធផលបានត្រឹមត្រូវនោះទេ។

យ៉ាងណាក្តីក្រោយពីមានការសិក្សាក្រុមអ្នកជំនាញថៃបានអះអាងថាឧបករណ៍ធ្វើតេស្តដែលផលិតនៅក្នុងប្រទេសចិននោះគឺមានគុណភាពគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ ដូចនេះហើយទើបរដ្ឋាភិបាលសម្រេចបញ្ជាទិញជាផ្លូវការតែម្តង។ សូមបញ្ជាក់ថា តាមកម្រោងគឺលោក Sura Visetsak ដែលជាលេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលគឺជាអ្នកចុះហត្ថលេខាសម្រេចក្នុងគម្រោងបញ្ជាទិញនេះ ខណៈឧបករណ៍ជាក់ស្តែងនឹងត្រូវដឹកជញ្ជូនមកកាន់ប្រទេសថៃក្នុងពេលដ៏ខ្លីខាងមុខនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍