ហួសចិត្ត! អតិថិជនម្នាក់មិនបង់ថ្លៃជួលផ្ទះពេញមួយឆ្នាំ ហើយថែមទាំងពង្រាយកំប៉ុងស្រាបៀរជាង ៨,០០០កំប៉ុង និងសំរាមពេញផ្ទះថែមទៀត
អតិថិជនជាអ្នកជួលផ្ទះមានកម្រិតក្រមសីលធម៌និងរបៀបនៃការរស់នៅផ្សេងៗគ្នា ដោយខ្លះបានបោសសម្អាតផ្ទះជួលដូចជាផ្ទះរបស់ពួកគេផ្ទាល់អីចឹង ខណៈអ្នកខ្លះវិញបានចាត់ទុកផ្ទះជួលដូចជាកន្លែងបោះសំរាមចោលទៅវិញ។ ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា មានអ្នកជួលផ្ទះម្នាក់បានបន្សល់ទុកនូវសំរាមពេញផ្ទះមានដូចជា ប្រអប់ដាក់អាហារជាច្រើន សម្បកកំប៉ុងស្រាបៀរជាង ៨,០០០ កំប៉ុង និងក្រដាសសម្រាប់ប្រើប្រាស់នៅក្នុងបង្គន់ឡើងគរពេញបង្គន់តែម្តង។

ក្រៅតែពីបានបន្សល់ទុកនូវសំរាមពេញផ្ទះដូចនេះ អ្នកជួលផ្ទះអសីលធម៌រូបនេះមិនដែលសម្អាតផ្ទះឡើយទាំងនៅក្នុងផ្ទះបាយ បន្ទប់គេង សាឡុងសម្រាប់អង្គុយលេង ហើយសូម្បីតែបង្គន់ដែរប្រើប្រាស់រួចក៏មិនចុចទឹកដែរ។ អ្វីដែលជារឿងហួសចិត្តមួយទៀតនោះគឺម្ចាស់ផ្ទះបានប្រាប់បណ្តាញសារព័ត៌មានខាងលើនេះថា អតិថិជនជួលផ្ទះម្នាក់នេះមិនបានបង់ថ្លៃជួលផ្ទះឲ្យគាត់មួយឆ្នាំមកហើយ និងបានចេញពីផ្ទះដោយមិនបានប្រាប់គាត់ទាល់តែសោះ។ សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Hampshire នៃប្រទេសអង់គ្លេស ហើយអត្តសញ្ញាណរបស់អ្នកជួលផ្ទះនិងម្ចាស់ផ្ទះមិនត្រូវបានគេបង្ហាញនោះឡើយ៕





អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail