សិង្ហបុរីនឹងផ្តល់ប្រាក់សំណងសរុបជិត ៨០ម៉ឺនដុល្លារទៅកាន់ពលរដ្ឋជាង ១០០នាក់ ដែលបានរងផលប៉ះពាល់សុខភាពពីការចាក់វ៉ាក់សាំងកូវីដ
សិង្ហបុរី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា អាជ្ញាធរសិង្ហបុរីនឹងផ្តល់ប្រាក់សំណងចំនួន ៧៨២,០០០ ដុល្លារសិង្ហបុរី ( ៥៧៦,០០០ ដុល្លារអាមេរិក) ទៅកាន់ពលរដ្ឋចំនួន ១១៤ នាក់ ដែលបានរងផលប៉ះពាល់សុខភាពក្រោយពីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នាពេលកន្លងមក។ បើតាមអាជ្ញាធរសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ការផ្តល់ប្រាក់សំណងនេះត្រូវបានធ្វើឡើងក្រោមកម្មវិធី “ជំនួយហិរញ្ញវត្ថុចំពោះអ្នករងផលប៉ះពាល់ដោយការចាក់វ៉ាក់សាំង” ខណៈកម្មវិធីនេះត្រូវបានអនុវត្តចំពោះពលរដ្ឋគ្រប់រូបដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ នៅក្នុងប្រទេសសិង្ហបុរីរួមមានពលរដ្ឋសិង្ហបុរី ពលរដ្ឋបរទេសដែលទទួលបានសិទ្ធរស់នៅអចិន្ត្រៃយ៍ក្នុងប្រទេសសិង្ហបុរី និងពលរដ្ឋដែលទទួលបានសិទ្ធទៅធ្វើការងារនិងរស់នៅបណ្តោះអាសន្នក្នុងប្រទេសសិង្ហបុរី។

ប្រភពខាងលើបានបន្តថា ក្នុងចំណោមពលរដ្ឋទាំង ១៤៤នាក់នោះគឺមានពលរដ្ឋចំនួន ២ នាក់ត្រូវបានគេចាត់ទុកថាជាជនរងគ្រោះកម្រិតធ្ងន់ធ្ងរនិងត្រូវទទួលបានប្រាក់សំណងរហូតដល់ ២២៥,០០០ ដុល្លារសិង្ហបុរី (១៦៥,៧០០ ដុល្លារអាមេរិក)។ ក្នុងចំណោមជនរងគ្រោះកម្រិតធ្ងន់ទាំង ២នាក់នោះទៀតសោធ គឺមានម្នាក់ជាយុវជនវ័យ ១៦ឆ្នាំ បានកើតមានបញ្ហាសាច់ដុំបេះដូងកន្រ្តាក់ខុសប្រក្រតី ហើយរូបគាត់បានដួលសន្លប់នៅក្នុងផ្ទះកាលពីថ្ងៃទី ៣ ខែ កក្កដាកន្លងទៅ បន្ទាប់ពីបានចាក់វ៉ាក់សាំងដូសទី ១ នៅថ្ងៃទី ២៧ ខែមិថុនា។ យ៉ាងណាក្តី ពេលនេះសុខភាពរបស់ជនរងគ្រោះរូបនេះបានត្រលប់មករកភាពធម្មតាវិញហើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia