ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូវីដនៅថៃច្រើនពេក មន្ទីរពេទ្យក៏មានអ្នកជំងឺពេញអស់ទៀត ២នាក់ប្តីប្រពន្ធត្រូវដេករងចាំដាក់អុកស៊ីសែនរាប់ម៉ោងនៅកណ្តាលវាលទំរាំបានបញ្ជូនទៅមន្ទីរពេទ្យ

    BY Pheakdey August 19, 2021
    កូវីដនៅថៃច្រើនពេក មន្ទីរពេទ្យក៏មានអ្នកជំងឺពេញអស់ទៀត ២នាក់ប្តីប្រពន្ធត្រូវដេករងចាំដាក់អុកស៊ីសែនរាប់ម៉ោងនៅកណ្តាលវាលទំរាំបានបញ្ជូនទៅមន្ទីរពេទ្យ

    ថៃ៖ ប្តីប្រពន្ធជនជាតិថៃនិងជាអ្នកជំងឺកូវីដ-១៩ ចំនួន ២ នាក់ ត្រូវបានគេប្រទះឃើញដេកនៅក្បែររូបសំណាក់ព្រះពុទ្ធមួយកន្លែង ខណៈស្រ្តីជាប្រពន្ធកំពុងត្រូវបញ្ចូលខ្យល់អុកស៊ីសែនទៀតផង។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Coconuts បានឲ្យដឹង ហេតុការណ៍នេះបានកើតឡើងនៅក្បែរស្ថានីយ៍ប៉ូលិសមួយកន្លែងក្នុងទីក្រុងបាងកក ហើយអត្តសញ្ញាណរបស់ប្តីប្រពន្ធទាំង ២ នាក់នេះមិនត្រូវបានគេស្គាល់នោះឡើយ។ បើតាមបុរសជាប្តីបានប្រាប់ឲ្យដឹងថា ប្រពន្ធរបស់គាត់បានកើតមានបញ្ហាថប់ដង្ហើមខ្លាំងហើយគាត់បានជិះម៉ូតូជូនប្រពន្ធទៅកាន់មន្ទីរពេទ្យចំនួន ២ កន្លែងហើយនៅក្នុងទីក្រុងបាងកក តែខាងមន្ទីរពេទ្យបានបដិសេធមិនព្រមទទួលព្យាបាលប្រពន្ធគាត់ឡើយ ព្រោះក្នុងមន្ទីរពេទ្យមានអ្នកជំងឺពេញអស់ទៅហើយ។

    ដោយមិនដឹងយកប្រពន្ធទៅព្យាបាលនៅទីណា បុរសជាប្តីក៏សម្រេចជិះម៉ូតូមកកាន់ស្ថានីយ៍ប៉ូលិសតែម្តង ដើម្បីសុំអន្តរាគមន៍ពីខាងអាជ្ញាធរមានសមត្ថកិច្ច។ ភ្លាមនោះខាងអាជ្ញាធរក៏បានឲ្យក្រុមអ្នកស័្មគ្រចិត្តតាមសហគមន៍ធ្វើតេស្តប្តីប្រពន្ធទាំង ២​ នេះ ហើយលទ្ធផលបានបង្ហាញថា ពួកគាត់សុទ្ធតែវិជ្ជមានជំងឺកូវីដ-១៩។ បន្ទាប់មកខាងអាជ្ញាធរនិងក្រុមអ្នកស្ម័គ្រចិត្តក៏បានយកខ្យល់អុកស៊ីសែនមកដាក់ឲ្យស្រ្តីជាប្រពន្ធជាបន្ទាន់ដើម្បីជួយសង្គ្រោះជីវិតរបស់គាត់ពីការថប់ដង្ហើម តែពួកគាត់ត្រូវបានគេយកទៅដាក់នៅក្បែរកន្លែងព្រះពុទ្ធរូបសិន ដើម្បីការពារការចម្លងមេរោគបន្តទៅកាន់អ្នកផ្សេងទៀត។ បើតាមអាជ្ញាធរក្រុងបាងកកបានបញ្ជាក់ថា ២-៣ម៉ោងក្រោយមកខាងមន្ទីរពេទ្យក៏បានមកទទួលយកអ្នកជំងឺកូវីដ ១៩ ទាំង ២នាក់ប្តីប្រពន្ធនេះទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ ដោយពួកគាត់ត្រូវសម្រាកនៅមន្ទីរពេទ្យផ្សេងគ្នាព្រោះស្ត្រីជាប្រពន្ធជាអ្នកជំងឺកម្រិតធ្ងន់ ខណៈបុរសជាប្តីគឺជាអ្នកជំងឺកម្រិតស្រាល៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Coconuts

    Share This Post: