ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ូលិសជាន់ខ្ពស់ថៃម្នាក់ត្រូវឈុបឈ្មោះចេញពីក្របខណ្ឌ ក្រោយបានយកប្រាក់ឧបត្ថម្ភបេសកកម្មកូវីដ ១៩ របស់ប៉ូលិសក្រោយឱវាទទៅប្រើប្រាស់ខុសផ្លូវការ

    BY Pheakdey August 20, 2021
    ប៉ូលិសជាន់ខ្ពស់ថៃម្នាក់ត្រូវឈុបឈ្មោះចេញពីក្របខណ្ឌ ក្រោយបានយកប្រាក់ឧបត្ថម្ភបេសកកម្មកូវីដ ១៩ របស់ប៉ូលិសក្រោយឱវាទទៅប្រើប្រាស់ខុសផ្លូវការ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អគ្គស្នងការនគបាលថៃបានសម្រេចលុបឈ្មោះប៉ូលិសជាន់ខ្ពស់ម្នាក់ចេញពីក្រមខណ្ឌការងារ ក្រោយរូបគាត់បានយកប្រាក់ឧបត្ថម្ភចំពោះក្រុមប៉ូលិសក្រោមឱវាទដែលត្រូវចុះបំពេញបេសកកម្មទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ ទៅប្រើប្រាស់ខុសផ្លូវការ ។ ប៉ូលិសជាន់ខ្ពស់រូបនេះគឺជាអធិការស្រុក Thung Song ស្ថិតនៅក្នុងខេត្ត Nakhon Si Thammarat ភាគខាងត្បូងប្រទេសថៃ និងជាខេត្តមួយដែលមានការរាតត្បាតជំងឺកូវីដ ១៩ ខ្ពស់ផងដែរ។ ប្រភពខាងលើបានបញ្ជាក់ថា ក្នុងអំឡុងពេលអនុវត្តបំរាមគោចររបស់រដ្ឋាភិបាលគឺមន្រី្តប៉ូលិសម្នាក់ត្រូវទទួលបានប្រាក់បេសកកម្មចំនួន ៦០ បាត (១,៨០ ដុល្លារ) ក្នុងមួយម៉ោងនិងមិនត្រូវលើសពី ៧ ម៉ោងនោះទេក្នុងមួយថ្ងៃ ខណៈចំនួនប្រាក់ឧបត្ថម្ភសរុបដែលពួកគាត់ត្រូវទទួលបានគឺអាស្រ័យទៅតាមចំនួនម៉ោងដែលពួកគាត់បានចុះទៅបំពេញបេសកកម្មជាក់ស្តែងផងដែរ។

    រូបតំណាង

    ​យ៉ាងណាក្តី លោកវរសេនីយ៍ឯក  Sompong Thipaphaku ដែលជាអធិការស្រុក Thung Song បានសម្រេចដោយខ្លួនគាត់ថា នឹងផ្តល់ប្រាក់ឧបត្ថម្ភសរុបមិនលើសពី ១៥,០០០ បាត (៤៥០ ដុល្លារ)នោះទេសម្រាប់មន្ត្រីប៉ូលិសម្នាក់ៗក្នុងចំណោមប៉ូលិស​ ២០០នាក់ ទោះបានចុះបេសកកម្មច្រើនម៉ោងយ៉ាងណាក៏ដោយ ខណៈបើយោងតាមជាក់ស្តែងមន្ត្រីប៉ូលិសម្នាក់ៗត្រូវទទួលបានប្រាក់ឧបត្ថម្ភសរុបច្រើនជាងនេះឆ្ងាយណាស់។ អធិការស្រុករូបនេះបានបញ្ជាក់ថា សម្រាប់លុយឧបត្ថម្ភដែលនៅសល់គឺគាត់នឹងយកទៅធ្វើការបរិច្ចាគនិងទុកប្រើប្រាស់លើការចំណាយក្រៅផ្លូវការផ្សេងៗនៅក្នុងស្ថានីយ៍ប៉ូលិស។ ឥរិយាបថនេះបានធ្វើឲ្យមន្រ្តីប៉ូលិសក្រោយឱវាទខឹងយ៉ាងខ្លាំង ហើយពួកគាត់ក៏បានយករឿងរ៉ាវនេះទៅបង្ហោះពេញបណ្តាញសង្គម រហូតមានអន្តរាគមន៍ពីថ្នាក់លើដកអធិការស្រុកកំហូចម្នាក់នេះចេញពីក្រមខណ្ឌតែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: