ហាងកាហ្វេមួយនៅជប៉ុនបានបំពាក់មនុស្សយន្តឲ្យបម្រើអតិថិជន ខណៈបុគ្គលិកជាមនុស្សជាក់ស្តែងកំពុងនៅឆ្ងាយពីហាងរាប់ពាន់គីឡូម៉ែត្រនិងនៅបរទេសទៀតផង
ជប៉ុន៖ ហាងកាហ្វេមួយកន្លែងនៅក្នុងប្រទេសជប៉ុនបានបើកដំណើរការដោយបំពាក់នូវមនុស្សយន្តយ៉ាងទំនើបសម្រាប់បម្រើអតិថិជន ខណៈអ្នកដែលបញ្ជានិងគ្រប់គ្រងមនុស្សយន្តនោះអាចស្ថិតនៅក្នុងទីតាំងឆ្ងាយពីហាងកាហ្វេរាប់ពាន់គីឡូម៉ែត្រ។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ហាងកាហ្វេមួយនេះមានឈ្មោះថា Dawn មានទីតាំងស្ថិតនៅក្នុងតំបន់ Nihonbashi ក្នុងក្រុងតូក្យូ ខណៈហាងកាហ្វេប្លែកគេនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនជាពលរដ្ឋជប៉ុន និងជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសជប៉ុនផងដែរ។

ប្រភពខាងលើបានបញ្ជាក់ថា ការប្រើប្រាស់មនុស្សយន្តនេះមិនមែនត្រឹមតែជាការទាក់ទាញអតិថិជនប៉ុណ្ណោះទេ តែតាមរយៈបច្ចេកវិទ្យានេះក៏បានផ្តល់ឱកាសការងារពីចម្ងាយសម្រាប់ជនពិការឬក្រុមមនុស្សដែលជួបបញ្ហាលំបាកក្នុងការធ្វើដំណើរចេញពីផ្ទះដើម្បីមកធ្វើការងារនៅកន្លែងឆ្ងាយៗផងដែរ។ ជាក់ស្តែងលោក Michio Imai ដែលជាបុគ្គលិកគ្រប់គ្រងមនុស្សយន្តម្នាក់ក្នុងចំណោមបុគ្គលិកប្រហែល ៥០នាក់របស់ហាងកេហ្វេ Dawn បានធ្វើការងារប្រចាំថ្ងៃពីផ្ទះរបស់គាត់ក្នុងទីក្រុង Hiroshima ដែលមានចម្ងាយប្រមាណជា ៨០០គីឡូម៉ែត្រពីហាងកាហ្វេ ខណៈមានបុគ្គលិកខ្លះគឺកំពុងរស់នៅក្រៅប្រទេសជប៉ុនទៀតផង៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia