ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ូលិសថៃចាប់ខ្លួនយុវជន៣នាក់ លួចផលិត និងលក់គ្រា-ប់បែ-កប៉េងប៉ុងយ៉ាងសកម្មតាមបណ្តាញសង្គម TikTok

    BY Pheakdey August 21, 2021
    ប៉ូលិសថៃចាប់ខ្លួនយុវជន៣នាក់ លួចផលិត និងលក់គ្រា-ប់បែ-កប៉េងប៉ុងយ៉ាងសកម្មតាមបណ្តាញសង្គម TikTok

    ថៃ៖ កាលពីព្រឹកថ្ងៃសុក្រម្សិលមិញនេះអាជ្ញាធរថៃបានចាប់ខ្លួនយុវជនចំនួន ២នាក់និងយុវតីម្នាក់ ដែលជាក្រុមការងារផលិត ចែកចាយ និងលក់គ្រាប់បែកប៉េងប៉ុងយ៉ាងសកម្មតាមបណ្តាញអ៊ីនធឺណិត។ ក្រុមយុវជនទាំង ៣ នាក់នេះមានឈ្មោះដូចជា Ratchasak Sasuk អាយុ ២៣ ឆ្នាំ, Yothin Chansom អាយុ ២៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ  Jiranan Jaija ហើយការចាប់ខ្លួនត្រូវបានធ្វើឡើងនៅក្នុងផ្ទះរបស់ពួកគេផ្ទាល់តែម្តង ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌ Don Muang ក្នុងទីក្រុងបាងកក។ ក្នុងប្រតិបត្តិការណ៍ចាប់ខ្លួនជនល្មើសទាំង ៣នាក់នេះ ប៉ូលិសថៃក៏បានរឹបអូសគ្រាប់បែងប៉េងប៉ុងបានចំនួន ៧៥ គ្រាប់ផងដែរ។

    បើតាមប៉ូលិសជំនាញថៃបានបញ្ជាក់ថា ក្រុមជនល្មើសបានប្រើប្រាស់បណ្តាញសង្គម TikTok សម្រាប់ផ្សព្វផ្សាយលក់ទំនិញរបស់ពួកគេ ហើយកាលពីថ្ងៃទី ១៣ ខែសីហាកន្លងទៅនេះ ពួកគេបានលក់គ្រាប់បែកប៉េងប៉ុងចំនួន ១០០ គ្រាប់ឲ្យទៅក្រុមប្រឆាំងនឹងរដ្ឋាភិបាល ដោយមានយុវជនម្នាក់ជាអ្នកដឹកជញ្ជូនគ្រាប់បែកទាំងនេះឲ្យទៅអតិថិជនដល់កន្លែងដែលមានជំលោះរវាងអាជ្ញាធរជាមួយនឹងក្រុមបាតុករតែម្តង។ ចំពោះតម្លៃវិញគឺគ្រាប់បែកប៉េងប៉ុងមួយគ្រាប់មានតម្លៃ ៣០០ បាត​ ( ៩ ដុល្លារអាមេរិក)។ ប៉ូលិសថៃក៏បានបញ្ជាក់ផងដែរថា ក្រុមយុវជនទាំង ៣ នាក់នេះអាចប្រឈមនឹងការជាប់គុកពី ១-២០ ឆ្នាំ និងពិន័យជាប្រាក់ចន្លោះពី ២,០០០-៤,០០០ បាត (៦០-១២០ ដុល្លារ) ចំពោះបទល្មើសដែលពួកគេបានប្រព្រឹត្តិដូចបានជម្រាបជូនខាងលើនេះ៕

    អត្ថ​បទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: