ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនអាចនឹងឈប់បារម្ភពីការឆ្លងកូវីដក្នុងចំណោមហ្វូងមនុស្សនៅតាមទីសាធារណៈត្រឹមចុងឆ្នាំ ២០២១ នេះ

    BY Pheakdey August 21, 2021
    ចិនអាចនឹងឈប់បារម្ភពីការឆ្លងកូវីដក្នុងចំណោមហ្វូងមនុស្សនៅតាមទីសាធារណៈត្រឹមចុងឆ្នាំ ២០២១ នេះ

    ចិន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ចិនអាចនឹងលែងមានការព្រួយបារម្ភចំពោះការឆ្លងជំងឺកូវីដ ១៩ ក្នុងចំណោមហ្វូងមនុស្សច្រើននៅតាមទីសាធារណៈទៀតហើយត្រឹមចុងឆ្នាំ ២០២១ នេះ។ គួររម្លឹកថា នាពេលកន្លងមកបើទោះជាប្រទេសចិនគ្មានករណីឆ្លងកូវីដ ១៩ប្រចាំថ្ងៃច្រើននិងមានពលរដ្ឋជាច្រើនបានគ្នាទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដរួចហើយក៏ដោយ តែអាជ្ញាធរចិននៅមិនទាន់អនុញ្ញាតឲ្យមានការជួបជុំក្នុងចំណោមមនុស្សច្រើននៅតាមទីសាធារណៈទូទាំងប្រទេសនៅឡើយទេ ពោលគឺតំបន់ខ្លះនៅតែមានតាមការកំណត់ចំនួនមនុស្សសម្រាប់ការជួបជុំគ្នាដដែល។

    ការសម្រេចបន្តអនុវត្តវិធានការរឹតបន្តឹងការជួបគ្នានៅទីសាធារណៈនេះក៏ព្រោះអាជ្ញាធរចិនយល់ឃើញថា វាអាចបង្កឲ្យមានការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ទ្រង់ទ្រាយធំឡើងវិញ ដ្បិតវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដែលពលរដ្ឋភាគច្រើនបានចាក់រួចរាល់ទាំង ២ដូសនោះគឺមានប្រសិទ្ធភាពការពារការចម្លងមេរោគបានជាមធ្យមត្រឹម ៧០% ប៉ុណ្ណោះ ខណៈប្រសិទ្ធភាពនឹងថយចុះថែមទៀតក្រោយការចាក់វ៉ាក់សាំងដូសទី ២ បានរយៈពេល ៦ ខែ។ យ៉ាងណាក្តី អ្នកជំនាញចិនបានបញ្ជាក់ថា ប្រសិនបើពលរដ្ឋចិនប្រញាប់នាំគ្នាទៅចាក់វ៉ាក់សាំងដូសទី ៣ នោះការជួបជុំមនុស្សច្រើននៅតាមទីសាធារណៈនឹងលែងក្លាយជាបញ្ហាបង្កឲ្យមានការរាត្បាតជំងឺកូវីដ ១៩ ទៀតហើយ ព្រោះការចាក់វ៉ាក់សាំងពេញទាំង ៣ដូសនេះអាចបង្កើតប្រព័ន្ធការពាររាងកាយបានខ្ពស់ខ្លាំងណាស់ ខណៈតាមការព្យាការណ៍គឺចិនអាចសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋពេញទាំង ៣ដូស រហូតដល់ ៨០% នៃចំនួនពលរដ្ឋសរុបត្រឹមចុងឆ្នាំ ២០២១ នេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: