អ្នកជំនាញចិនអះអាងថា ការចាក់វ៉ាក់សាំងដូសទី ៣ ក្រោយចាក់ដូសទី ២ បាន ៦ខែនឹងជួយបង្កើនប្រព័ន្ធការពាររាងកាយខ្លាំងជាងមុន ៣-៥ដង
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដូសទី ៣ ឬជាដូសជំរុញបានកំពុងតែក្លាយជាបច្ចុប្បន្នភាពថ្មីមួយសម្រាប់ប្រទេសមួយចំនួននៅជុំវិញពិភពលោក។ ជុំវិញបញ្ហនៃការចាក់វ៉ាក់សាំងដូសជំរុញនេះដែរ មានសាធារណៈជនជាច្រើននៅតែមានចម្ងល់ថា តើវ៉ាក់សាំងដូសទី ៣ មានប្រសិទ្ធភាពកម្រិតណា និងគួរចាក់នៅចន្លោះពេលណាទើបល្អ? បើតាមលោក Zhong Nanshan ដែលជាអ្នកជំនាញជាន់ខ្ពស់ផ្នែកជំងឺឆ្លងរបស់ប្រទេសចិនបានលើកយកការសិក្សាមួយអំពីប្រសិទ្ធភាពនៃវ៉ាក់សាំង Sinovac ដែលបានធ្វើឡើងកាលពីខែមុនមកបង្ហាញថា ការចាក់វ៉ាក់សាំង Sinovac ជាដូសទី ៣ ក្រោយចាក់វ៉ាក់សាំងដូសទី ២ បាន ៦ ខែ ឬច្រើនជាងនេះនឹងជួយបង្កើនប្រព័ន្ធការពាររាងកាយខ្លាំងជាងមុនពី ៣-៥ ដង។

ក្នុងការសិក្សាដដែលនេះបានបង្ហាញថា ប្រសិនបើគេចាក់ដូសទី ៣ ក្នុងរយៈពេល ៩ ខែ ក្រោយពីបានចាក់ដូសទី ២ នោះ ប្រសិទ្ធភាពរបស់វ៉ាក់សាំងនឹងឡើងខ្លាំងជាងមុនរហូតដល់ ២០ដងសម្រាប់មនុស្សទូទៅ និង ៣០ដងសម្រាប់ពលរដ្ឋពេញវ័យ។
គួរបញ្ជាក់ថា ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងប្រទេសចិនដោយបានផ្តោតសំខាន់ចំពោះពលរដ្ឋចិនដែលបានចាក់វ៉ាក់សាំងប្រភេទ Sinovac ឬ Sinopharm នាពេលកន្លងមក។ គួរម្លឹកជូនថា នាពេលកន្លងមកការសិក្សារបស់ក្រុមអ្នកជំនាញចិនធ្លាប់បានបង្ហាញថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Sinovac ចំនួន ២ ដូសនឹងជួយបង្កើតប្រព័ន្ធការពាររាងកាយប្រឆាំងនឹងមេរោគកូវីដ ១៩ បំប្លែងខ្លួន Dalta បាន ៥៩% ប្រឆាំងនឹងមេរោគធម្មតាបាន ៧០% និងទប់ស្កាត់មិនឲ្យមានជំងឺធ្ងន់ធ្ងរឬស្លាប់បានរហូតដល់ ៩៨%។ សូមបញ្ជាក់ផងដែរថា រហូតមកទល់នឹងពេលនេះរដ្ឋាភិបាលចិននៅមិនទាន់ដាក់ចេញគោលការណ៍ច្បាស់លាស់នៃការចាក់វ៉ាក់សាំងដូសជំរុញនេះឡើយទេដូចជា ពេលវេលាជាក់លាក់នៃការចាក់ និងជម្រើសនៃការចាក់ចម្រុះប្រភេទគ្នាឬអត់៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍