អង់គ្លេសសម្រេចពន្យាពេលបើកអនុវិទ្យាល័យយ៉ាងហោចណាស់ ១សប្តាហ៍ ដើម្បីធ្វើតេស្តកូវីដក្នុងចំណោមកូនសិស្សរាប់លាននាក់នៅទូទាំងប្រទេស
អង់គ្លេស៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា អាជ្ញាធរអង់គ្លេសបានសម្រេចពន្យាពេលបើកសាលាសម្រាប់ថ្នាក់អនុវិទ្យាល័យយ៉ាងយោចណាស់ ១សប្តាហ៍បន្ថែមទៀត ដើម្បីយកពេលធ្វើតេស្តរកជំងឺកូវីដ ១៩ ក្នុងចំណោមក្រុមកូនសិស្សរាប់លាននាក់នៅទូទាំងប្រទេសមុននឹងអនុញ្ញាតឲ្យពួកគេត្រលប់មករៀនក្នុងថ្នាក់ជុំគ្នាវិញ។ បើតាមលោក Gavin Williamson ដែលជារដ្ឋលេខាធិការនៃក្រសួងអប់រំអង់គ្លេសបានឲ្យដឹងថា ការសម្រេចពន្យាពេលនេះគឺដើម្បីអនុញ្ញាតឲ្យតាមសាលារៀនទាំងអស់មានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើតេស្តរកជំងឺកូវីដ ១៩ ឲ្យបានចំនួន ២ដងចំពោះកូនសិស្សម្នាក់ ខណៈការបើកសាលាជាផ្លូវការអាចនឹងចាប់ផ្តើមនៅក្នុងអំឡុងសប្តាហ៍ទី ២ នៃខែកញ្ញាខាងមុខនេះ។

រដ្ឋលេខាធិការរូបនេះបានបន្តថា បន្ថែមពីការធ្វើតេស្តចំពោះគ្រប់កូនសិស្សទាំងអស់មុននឹងអនុញ្ញាតឲ្យពួកគេអាចចូលរៀនវិញនេះ ខាងសាលាមួយចំនួនក៏បានសម្រេចបន្តអនុវត្តវិធានការចាំបាច់មួយចំនួនផងទៀតដែរ ដូចជាតម្រូវឲ្យកូនសិស្សពាក់ម៉ាស់នៅក្នុងថ្នាក់រៀន សាលាខ្លះបានសម្រេចបង្រៀននៅក្រៅបន្ទប់តែនៅក្នុងបរិវេណសាលាដោយតម្រូវឲ្យកូនសិស្សអង្គុយឆ្ងាយៗពីគ្នា ហើយម្តាយឪពុករបស់ក្រុមកូនសិស្សក៏ត្រូវបានស្នើឲ្យធ្វើតេស្តកូនៗនិងតាមដានសុខភាពរបស់ពួកគេឲ្យបានជាប្រចាំផងដែរ។ ក្នុងករណីដែលបានរកឃើញថា មានកូនសិស្សណាម្នាក់វិជ្ជមានជំងឺកូវីដ ១៩ នោះ ពួកគេនឹងតម្រូវឲ្យនៅដាច់ដោយឡែកពីគេ ហើយពួកគេក៏អាចបន្តការសិក្សាពីចម្ងាយបានផងដែរ ពោលគឺរៀនតាមប្រព័ន្ធ Online បានផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail