កូវីដកើនឡើងខ្លាំងពេក វៀតណាមដាក់ពង្រាយកងទ័ពជាច្រើនតាមដងផ្លូវក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ទីក្រុងហូជីមិញ
វៀតណាម៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា អាជ្ញាធរវៀតណាមបានសម្រេចដាក់ពង្រាយទាហានជាច្រើននាក់នៅតាមដងផ្លូវក្នុងទីក្រុងហូជីមិញ ខណៈទីក្រុងពាណិជ្ជកម្មដ៏សំខាន់មួយនេះត្រូវអនុវត្តវិធានការបិទខ្ទប់ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩។ ប្រភពខាងលើបានបន្តថា កម្លាំងទាហានវៀតណាមដែលត្រូវបានគេដាក់ពង្រាយនោះគឺដើម្បីត្រួតពិនិត្យការធ្វើដំណើរចេញពីផ្ទះរបស់ប្រជាពលរដ្ឋនិងត្រួតពិនិត្យការធ្វើដំណើររបស់ក្រុមអ្នកដឹកជញ្ជូនចំណីអាហារ ខណៈក្រុមទាហានទាំងនោះក៏មានបំពាក់នូវអាវុធជាប់ខ្លួនជាប្រចាំផងដែរ។

គួរបញ្ជាក់ថា ទីក្រុងហូជីមិញដែលមានពលរដ្ឋរស់នៅជាង ៩ លាននាក់ត្រូវបានអនុវត្តវិធានការរឹតបន្តឹងតាំងពីដើមខែមុនម្លះ ក្រោយទីក្រុងមួយនេះបានផ្ទុះការរាតត្បាតខ្លាំងនូវមេរោគកូវីដ ១៩ បំប្លែងខ្លួន Delta។ គិតត្រឹមពេលនេះទីក្រុងហូជីមិញបានរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ១៧៦,០០០ នាក់ស្មើនឹងពាក់កណ្តាលនៃចំនួនអ្នកឆ្លងនៅទូទាំងប្រទេសនិងអ្នកស្លាប់ចំនួន ៦,៦៧០នាក់ ដែលស្មើនឹង ៨០%នៃករណីស្លាប់នៅទូទាំងប្រទេស ខណៈចំនួនអ្នកឆ្លងសរុបនៅក្នុងវៀតណាមមានចំនួន ៣៤៨,០០០ នាក់និងស្លាប់សរុប ៨,២៧៧នាក់។ សូមបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះវៀតណាមទើបសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនពលរដ្ឋខ្លួនបានត្រឹមចំនួនប្រហែលជា ១,៨ លានប៉ុណ្ណោះ ខណៈវៀតណាមមានពលរដ្ឋសរុបចំនួន ៩៨លាននាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia