ថៃរកឃើញមេរោគកូវីដ ១៩ បំប្លែងថ្មីចំនួន ៤ប្រភេទបន្ថែមទៀត ដែលបានបំប្លែងខ្លួនចេញពីមេរោគ Delta
ថៃ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញមេរោគជំងឺកូវីដ ១៩ ថ្មីចំនួន ៤ ប្រភេទបន្ថែមទៀត ដែលមេរោគទាំងនេះសុទ្ធតែជាមេរោគបំប្លែងខ្លួនចេញពីមេរោគ Delta។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា ការរកឃើញមេរោគបំប្លែងថ្មីចំនួន ៤ ប្រភេទនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញផ្នែកមេរោគនៅក្នុងមន្ទីរពេទ្យ Ramathibodi ក្នុងទីក្រុងបាងកក ខណៈមេរោគទាំងនេះក៏បានឆ្លងចូលទៅក្នុងសហគមន៍ថៃរួចហើយដែរ។

លោកវេជ្ជបណ្ឌិត Wasun Chatratita ដែលជាប្រធានមជ្ឈមណ្ឌលវេជ្ជសាស្រ្តហ្សែនក្នុងមន្ទីរពេទ្យខាងលើនេះបានបញ្ជាក់ថា មេរោគកូវីដ ១៩ បំប្លែងខ្លួនថ្មីទាំង ៤ប្រភេទនោះរួមមាន មេរោគប្រភេទ AY.4 (B.1.617.2.4) ត្រូវបានរកឃើញក្នុងសំណាកអ្នកជំងឺចំនួន ៣%នៅក្នុងខេត្ត Pathum Thani, មេរោគប្រភេទ AY.6 (B.1.617.2.6) ត្រូវបានរកឃើញក្នុងសំណាកអ្នកជំងឺចំនួន ១% នៅទូទាំងប្រទេសថៃ, មេរោគប្រភេទ AY.10 (B.1.617.2.10) និង AY.12 (B.1.617.2.15) ដែលត្រូវបានរកឃើញក្នុងសំណាកអ្នកជំងឺចំនួន ១%នៅក្នុងទីក្រុងបាងកក។ យ៉ាងណាក្តី មកទល់នឹងពេលនេះអ្នកជំនាញថៃនៅមិនបានបញ្ជាក់ថា មេរោគថ្មីទាំង ៤ប្រភេទនេះអាចបង្កគ្រោះថ្នាក់ខ្លាំងកម្រិតណានោះទេបើធៀបទៅនឹងមេរោកបំប្លែង Delta ខណៈដែលមានរោគត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌានេះគឺជាមេរោគមានគ្រោះថ្នាក់ខ្ពស់ស្រាប់ទៅហើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍