តុលាការឥណ្ឌូនេស៊ីកាត់ទោសអតីតរដ្ឋមន្ត្រីម្នាក់ឲ្យជាប់គុក ១២ ឆ្នាំជុំវិញករណីកេងប្រវ័ញ្ចលុយជំនួយកូវីដជាង ១លានដុល្លារ
ឥណ្ឌូនេស៊ី៖ សារព័ត៌មាន Channel News Asia បានរាយការណ៍ថា តុលាការឥណ្ឌូនេស៊ីកាត់ទោសអតីតរដ្ឋមន្ត្រីម្នាក់ឲ្យជាប់គុក ១២ ឆ្នាំជុំវិញករណីពុករលួយកូវីដ១៩។ ជនល្មើសរូបនេះមានឈ្មោះថា Juliari Batubara ជាអតីតរដ្ឋមន្ត្រីក្រសួងកិច្ចការសង្គមនៃប្រទេសឥណ្ឌូនេស៊ី ហើយរូបគាត់ត្រូវបានចាប់ខ្លួនកាលពីខែធ្នូឆ្នាំកន្លងទៅនេះ បន្ទាប់ពីគេបានរកឃើញថា គាត់បានកេងប្រវ័ញ្ចលុយជំនួយសម្រាប់ទិញអាហារផ្តល់ជូនជនរងគ្រោះដោយវិបត្តិនៃការរាតត្បាតជំងឺកូវីដ ១៩ ចំនួន ១,២ លានដុល្លារទុកក្នុងខោប៉ាវខ្លួនឯង។

លោក Juliari Batubara
បើតាមតុលាការឥណ្ឌូនេស៊ីបានបញ្ជាក់ថា បន្ថែមពីការកាត់ទោសឲ្យជាប់គុក ១២ឆ្នាំ លោក Juliari Batubara ក៏ត្រូវបង្គាប់ឲ្យប្រគល់ប្រាក់ទាំង ១,២ លានដុល្លារនោះមកដាក់ក្នុងកញ្ចប់ថវិកាជំនួយវិញផងដែរ ហើយក្នុងករណីដែលលោកមិនអាចប្រគល់លុយទាំងនោះត្រលប់មកវិញបាន គឺលោកនឹងត្រូវផ្តន្ទាទោសឲ្យជាប់គុក ២ ឆ្នាំបន្ថែមទៀត។ ជាងនេះទៅទៀតជនល្មើសក៏ត្រូវពិន័យជាប្រាក់ចំនួន ៥០០ លានរូពី (៣៥,០០០ ដុល្លារ) ផងដែរ ហើយក្នុងករណីដែលរូបគាត់គ្មានប្រាក់សម្រាប់បង់ថ្លៃការពិន័យនេះទេគឺគាត់នឹងត្រូវផ្តន្ទាទោសឲ្យជាប់គុក ៦ ខែបន្ថែមទៀត។ ក្រោយអនុវត្តទោសដូចបានកំណត់តាមលក្ខខណ្ឌខាងលើនេះរួច ពោលគឺក្រោយពេលចេញពីកុគវិញ លោក Juliari Batubara ក៏ត្រូវបានហាមឃាត់មិនឲ្យធ្វើកិច្ចការនយោបាយចំនួន ៤ ឆ្នាំផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia