ជប៉ុនសម្រេចផ្អាកប្រើប្រាស់វ៉ាក់សាំង Moderna ជាង ១,៦ លានដូស ក្រោយរកឃើញមានករណីចម្លងមេរោគចេញពីវ៉ាក់សាំងប្រភេទនេះ
ជប៉ុន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា នៅក្នុងថ្ងៃព្រហស្បតិ៍ ទី ២៦ ខែ សីហានេះ អាជ្ញាធរសុខាភិបាលជប៉ុនបានសម្រេចផ្អាកការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Moderna ចំនួន ១,៦៣ លានដូស ក្រោយរកឃើញថាមានករណីចម្លងមេរោគចេញពីវ៉ាក់សាំងទាំងនោះ។ បើតាមក្រុមហ៊ុន Takeda ដែលជាក្រុមហ៊ុនទទួលបានសិទ្ធបញ្ជាទិញនិងចែកចាយវ៉ាក់សាំង Moderna នៅក្នុងប្រទេសជប៉ុនបានបញ្ជាក់ថា ក្រុមអ្នកជំនាញបានពិនិត្យឃើញមានសារធាតុចម្លែកម្យ៉ាងនៅក្នុងវ៉ាក់សាំងថ្មីមួយចំនួនដែលគេមិនទាន់បានប្រើប្រាស់ ខណៈសារធាតុនោះក៏អាចបង្កជាមេរោគឆ្លងបានផងដែរ។

ក្រុមហ៊ុន Takeda បានឲ្យដឹងផងដែរថា ក្រុមហ៊ុនបានជូនដំណឹងនេះទៅកាន់ក្រុមហ៊ុនផលិតឱសថ Moderna រួចហើយ និងទាមទារឲ្យមានការស៊ើបអង្កេតជុំវិញករណីនេះជាបន្ទាន់ផងដែរ តែរហូតមកទល់នឹងពេលនេះខាងភាគីក្រុមហ៊ុន Moderna នៅមិនទាន់មានការឆ្លើយតបនៅឡើយទេ។ សូមបញ្ជាក់ថា Moderna គឺជាក្រុមហ៊ុនផលិតឱសថដ៏ធំរបស់សហរដ្ឋអាមេរិក ហើយនាពេលកន្លងមកមានប្រទេសជាច្រើននៅជុំវិញពិភពលោកបានសម្រេចទិញវ៉ាក់សាំងប្រទេសនេះសម្រាប់ចាក់ជូនពលរដ្ឋខ្លួន ដោយគេជឿថាវ៉ាក់សាំងប្រភេទនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រឆាំងនឹងជំងឺកូវីដ ១៩៕


អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia