ថៃកំពុងអភិវឌ្ឍឧបរកណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ តាមរយៈញើសដំបូងគេបង្អស់លើពិភពលោក
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Nation Thailand បានឲ្យដឹងថា ថៃនឹងក្លាយជាប្រទេសដំបូងគេដែលបានអភិវឌ្ឍឧបរកណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ តាមរយៈញើសរបស់អ្នកជំងឺ ខណៈឧបករណ៍ដែលគេកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះគឺធ្វើតេស្តតាមរយៈសារធាតុទឹកនៅក្នុងរន្ធច្រមុះ។ ឧបរកណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ តាមរយៈញើសនេះត្រូវបានអភិវឌ្ឍឡើងដោយក្រុមអ្នកស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យជូឡាឡុងកន ហើយឧបករណ៍ធ្វើតេស្តនេះត្រូវការរយៈពេល ១៥ នាទីទើបអាចបង្ហាញលទ្ធផលបាន។

បើតាមលោកសាស្រ្តាចារ្យ Chadin Kulsing ដែលជាប្រធាននាយកដ្ឋាគីមីវិទ្យានៃសាកលវិទ្យាល័យជូឡាឡុងកនបានពន្យល់ថា ញើសរបស់អ្នកជំងឺកូវីដ ១៩ មានសារធាតុគីមីប្លែកខុសពីញើសអ្នកធម្មតា ដូចនេះហើយទើបគេអាចដឹងថាអ្នកណាម្នាក់វិជ្ជមានកូវីដ ១៩ឬអត់តាមរយៈសារធាតុគីមីប្លែកគេនោះ។ លោកសាស្រ្តាចារ្យរូបនេះបានបន្តថា ឆ្លងតាមការពិសោធន៍លើពលរដ្ឋចំនួន ២,០០០ នាក់នាពេលកន្លងមក ឧបករណ៍ធ្វើតេស្តថ្មីនេះអាចផ្តល់នូវលទ្ធផលត្រឹមត្រូវរហូតដល់កម្រិត ៩៨% ឯណោះ។ យ៉ាងណាក្តី គិតមកទល់នឹងពេលនេះឧបករណ៍ធ្វើតេស្តកូវីដ ១៩ តាមរយៈញើសនេះនៅមិនទាន់ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនោះទេ ដោយវាកំពុងស្ថិតនៅក្នុងដំណាក់កាលធ្វើតេស្តនៅឡើយ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Nation Thailand