WHO នឹងប្រើប្រាស់វ៉ាក់សាំងកូវីដរបស់ចិនក្នុងកម្មវិធី COVAX បើទោះបីមានប្រទេសមួយចំនួនគិតថាវ៉ាក់សាំងចិនមិនសូវមានគុណភាពក៏ដោយ
យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹង នៅចុងខែកញ្ញាខាងមុខនេះអង្គការសុខភាពពិភពលោកគ្រោងនឹងនាំយកវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Sinovac និង Sinopharm ចំនួន ១០០ លានដូសទៅចែកជូនប្រទេសមួយចំនួននៅតំបន់អាហ្វ្រិកនិងអាស៊ី បើទោះជាពេលកន្លងមានប្រទេសមួយចំនួនគិតថាវ៉ាក់សាំងរបស់ចិនទាំង ២ប្រភេទនេះមិនសូវមានគុណភាពខ្ពស់ដ៏ដោយ។ គួរបញ្ជាក់ថា ការសម្រេចផ្តល់វ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោកនៅពេលនេះគឺត្រូវបានធ្វើឡើងក្រោមកម្មវិធី COVAX ដែលតាមរយៈកម្មវិធីមួយនេះអង្គការសុខភាពពិភពលោកបានផ្តល់វ៉ាក់សាំងប្រមាណជា ២ពាន់លានដូសទៅកាន់បណ្តាប្រទេសក្រីក្រមួយចំនួនរួចទៅហើយសម្រាប់ក្នុងឆ្នាំ ២០២១នេះ។

ប្រភពខាងលើបានបន្តថា ក្នុងចំណោមវ៉ាក់សាំងទាំង ១០០ លានដូសនោះគឺមានវ៉ាក់សាំង Sinovac ៥០% និង Sinopharm ៥០% ខណៈវ៉ាក់សាំងប្រមាណជា ៣០%នៃវ៉ាក់សាំងសរុបនឹងត្រូវផ្តល់ជូនប្រទេសនៅតំបន់អាហ្វ្រិក។ សូមបញ្ជាក់ផងដែរថា វ៉ាក់សាំងរបស់ប្រទេសចិនទាំង ២ ប្រភេទនេះកំពុងត្រូវបានប្រើប្រាស់នៅក្នុងប្រទេសចំនួន ៦០ នៅលើពិភពលោក ហើយវ៉ាក់សាំងទាំងនេះបានរួមចំណែកកាត់បន្ថយការរាតត្បាតជំងឺកូវីដបានយ៉ាងច្រើន បើទោះជាមានអ្នកគិតថាវ៉ាក់សាំងរបស់ចិនពុំសូវមានគុណភាពខ្ពស់ដ៏ដោយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia