អង់គ្លេសគ្រោងចាក់វ៉ាក់សាំងជូនពលរដ្ឋអាយុ ១២ឆ្នាំ ក្រោយអ្នកជំនាញព្រមានថាការបើកសាលារៀនវិញនឹងបង្កឲ្យមានរលករាតត្បាតកូវីដជាថ្មីម្តងទៀត
អង់គ្លេស៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ប្រទេសអង់គ្លេសគ្រោងនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនពលរដ្ឋវ័យក្មេងដែលមានអាយុតិចបំផុតត្រឹម ១២ ឆ្នាំ និងចាក់ឲ្យបានមុនពេលអាជ្ញាធរអង់គ្លេសអនុញ្ញាតឲ្យពួកគេអាចត្រលប់មកចូលរៀនក្នុងសាលាវិញនៅចុងខែកញ្ញាខាងមុខនេះ។ បើតាមលោក Sajid Javid ដែលជារដ្ឋលេខធិការក្រសួងសុខាភិបាលអង់គ្លេសបានឲ្យដឹងថា គឺវាដល់ពេលហើយដែលគេត្រូវចាប់ផ្តើមចាក់វ៉ាក់សាំងជូនពលរដ្ឋវ័យក្មេងដើម្បីឲ្យពួកគេអាចត្រលប់មកចូលរៀនក្នុងថ្នាក់ជុំគ្នាជាធម្មតាវិញ ក្រោយមានការបិទសាលាអស់រយៈពេលជាយូរមក។

តាមគម្រោងគឺក្រុមបុគ្គលិកសុខាភិបាលចង់ចុះទៅចាក់វ៉ាក់សាំងជូនពលរដ្ឋវ័យក្មេងទាំងនេះដល់សាលារៀនរបស់ពួកគេតែម្តង ដើម្បីកុំឲ្យពួកគេពិបាកធ្វើដំណើរមកាន់មន្ទីរពេទ្យ ខណៈខាងអាជ្ញាធរក៏ងាយស្រួលគ្រប់គ្រងនិន្នន័យរបស់ពួកគេផងដែរ។ គួររម្លឹកផងដែរថា គម្រោងរបស់អាជ្ញាធរសុខាភិបាលអង់គ្លេសដូចបានជម្រាបជូនខាងលើនេះបានកើតឡើយក្រោយក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងបានព្រមានថា ការបើកសាលារៀនវិញនៅចុងខែក្រោយនេះនឹងបង្កឲ្យមានការរាតត្បាតជំងឺកូវីដ ១៩ នៅទូទាំងប្រទេសក្នុងកម្រិតធ្ងន់ធ្ងរជាថ្មីម្តងទៀត ពោលគឺនឹងមានការរាតត្បាតខ្លាំងក្នុងចំណោមកូនសិស្សសាលាតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail