ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សិង្ហបុរីតម្រូវឲ្យកូនសិស្សមួយចំនួនត្រូវធ្វើតេស្តកូវីដមុនពេលប្រលងថ្នាក់ជាតិ ខណៈអ្នកដែលស្ថិតក្នុងការសង្ស័យមួយចំនួនត្រូវហាមមិនឲ្យមកប្រលងតែម្តង

    BY Pheakdey August 28, 2021
    សិង្ហបុរីតម្រូវឲ្យកូនសិស្សមួយចំនួនត្រូវធ្វើតេស្តកូវីដមុនពេលប្រលងថ្នាក់ជាតិ ខណៈអ្នកដែលស្ថិតក្នុងការសង្ស័យមួយចំនួនត្រូវហាមមិនឲ្យមកប្រលងតែម្តង

    សិង្ហបុរី៖ កាលពីព្រឹកថ្ងៃសៅរ៍ទី ២៨ ខែសីហានេះ ក្រសួងអប់រំសិង្ហបុរីនិងគណៈកម្មការត្រួតពិនិត្យនិងវាយតម្លៃការប្រលងបានដាក់ចេញនូវវិធានការរួមមួយ ដោយមិនអនុញ្ញាតឲ្យក្រុមកូនសិស្សណាដែលបានសុំច្បាប់ឈប់សម្រាកនិងកំពុងរង់ចាំសេចក្តីបង្គាប់ឲ្យធ្វើចត្តាឡីស័កអាចមកប្រលងថ្នាក់ជាតិសម្រាប់បញ្ចប់ឆ្នាំសិក្សាបាននោះទេ បើទោះជាលទ្ធផលនៃការធ្វើរកជំងឺកូវីដ ១៩ របស់ពួកគេភ្លាមៗមុនពេលប្រលងនោះអវិជ្ជមានក៏ដោយ។ គួរបញ្ជាក់ថា សឹង្ហបុរីនឹងរៀបចំការប្រលងថ្នាក់ជាតិសម្រាប់ក្រុមកូនសិស្សនៅទូទាំងប្រទេសចាប់ពីថ្ងៃទី ១៥ ខែកញ្ញាខាងមុខនេះ ខណៈការប្រលងនេះគឺមានសារៈសំខាន់បំផុតចំពោះកូនសិស្សម្នាក់ៗសម្រាប់បន្តការសិក្សានៅឆ្នាំបន្ទាប់ទៀត។

    យ៉ាងណាក្តី នៅក្នុងវិធានការរបស់អាជ្ញាធរអប់រំសិង្ហបុរីខាងលើ​នេះបានកំណត់ថា ចំពោះក្រុមកូនសិស្សដែលបានសុំច្បាប់ឈប់សម្រាកនិងគ្មានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺកូវីដ ១៩ ពោលគឺមិនស្ថិតក្នុងតាមដានសុខភាពឬរង់ចាំការធ្វើចត្តាឡីស័កនោះទេ អាចត្រលប់មកប្រលងតាមការបរិច្ឆេតខាងលើនេះបាន តែពួកគេត្រូវតែធ្វើតេស្តរកជំងឺកូវីដ ១៩ នៅសាលារៀន ឬនៅកន្លែងប្រលងដោយខ្លួនឯងរៀងរាល់ពីរថ្ងៃម្តង ដោយការធ្វើតេស្តនេះអាចចាប់ផ្តើមធ្វើនៅមុនពេលប្រលងឬនៅថ្ងៃប្រលងទី ១ តែម្តង។ ការធ្វើតេស្តរបស់ក្រុមកូនសិស្សនេះក៏ត្រូវមានការត្រួតនិពិត្យពីខាងបុគ្គលិកសុខាភិបាលផងដែរ ហើយក្នុងករណីដែលពួកគេវិជ្ជមានកូវីដ ១៩ នោះគឺពួកគេនឹងត្រូវដកសិទ្ធពីការប្រលងភ្លាមៗផងដែរ។ សូមបញ្ជាក់ថា នាពេលកន្លងមកវិបត្តិនៃជំងឺកូវីដ ១៩បានជំរុញឲ្យក្រុមកូនសិស្សមួយចំនួននៅក្នុងប្រទេសសិង្ហបុរីសម្រេចសុំច្បាប់ឈប់សម្រាកមិនទៅសាលារៀន តែទោះជាយ៉ាងនេះក្តីពួកគេត្រូវតែត្រលប់ទៅប្រលងថ្នាក់ជាតិវិញជាចាំបាច់។ ហេតុដូចនេះហើយទើបអាជ្ញាធរសឹង្ហបុរីសម្រេចដាក់ចេញវិធានការចំពោះក្រុមកូនសិស្សដែលមានហានិភ័យទាំងនេះ ខណៈក្រុមកូនសិស្សដែលបានបន្តស្នាក់នៅក្នុងសាលារៀនឬស្ថិតក្រោមការគ្រប់គ្រងរបស់សាលាគឺគ្មានហានិភ័យអ្វីនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: