ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនរកឃើញករណីចម្លងមេរោគចេញពីវ៉ាក់សាំង Moderna ថ្មីបន្ថែមទៀត ខណៈកន្លងមកមានពលរដ្ឋជប៉ុន ២នាក់បានបាត់បង់ជីវិតក្រោយចាក់វ៉ាក់សាំងប្រភេទនេះរួច

    BY Pheakdey August 29, 2021
    ជប៉ុនរកឃើញករណីចម្លងមេរោគចេញពីវ៉ាក់សាំង Moderna ថ្មីបន្ថែមទៀត ខណៈកន្លងមកមានពលរដ្ឋជប៉ុន ២នាក់បានបាត់បង់ជីវិតក្រោយចាក់វ៉ាក់សាំងប្រភេទនេះរួច

    ជប៉ុន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី ២៩ ខែសីហានេះថា ប្រទេសជប៉ុនបានរកឃើញករណីចម្លងមេរោគចេញពីវ៉ាក់សាំងបង្ការកូវីដ ១៩ ប្រភេទ Moderna បន្ថែមទៀត ខណៈកាលពីពេលថ្មីៗនេះជប៉ុនធ្លាប់នបានជួបករណីដូចគ្នានេះរួចម្តងហើយ។ បញ្ហាថ្មីនេះត្រូវបានអាជ្ញាធរសុខាភិបាលជប៉ុនរកឃើញនៅក្នុងអាណាខេត្ត Okinawa ខណៈវ៉ាក់សាំងដែលមានបញ្ហានេះស្ថិតនៅក្នុងកញ្ចប់នៃវ៉ាក់សាំងផ្សេងមួយទៀតដាច់ដោយឡែកពីកញ្ចប់នៃវ៉ាក់សាំងដែលធ្លាប់កើតមានបញ្ហានាពេលកន្លងមក។  គេនៅចាំបានថាក្រោយរកឃើញករណីមិនប្រក្រតីដូចនេះ អាជ្ញាធរជប៉ុនក៏ធ្លាប់សម្រេចផ្អាកប្រើប្រាស់វ៉ាក់សាំង Moderna ចំនួន ១,៦៣ លានដូសម្តងរួចហើយ ព្រោះវ៉ាក់សាំងទាំងជាង ១លានដូសនេះស្ថិតនៅក្នុងកញ្ចប់នៃវ៉ាក់សាំងដែលគេបានរកឃើញមានករណីចម្លងមេរោគ។

    គួររមឹ្លកជូនថា មុនពេលសម្រេចផ្អាកប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ ១៩ ប្រភេទ Moderna ចំនួន ១,៦៣ លានដូសខាងលើនេះ ជប៉ុនក៏ធ្លាប់រកឃើញករណីមានពលរដ្ឋចំនួន ២ នាក់បានស្លាប់ក្រោយចាក់វ៉ាក់សាំង Moderna ដូសទី ២ រួចផងដែរ។ ជនរងគ្រោះដែលបានស្លាប់នោះមានម្នាក់ជាបុរសអាយុ ៣០ ឆ្នាំ និងម្នាក់ទៀតជាបុរសវ័យ ៣៨ ឆ្នាំ ហើយពួកគាត់បានស្លាប់កាលពីដើមខែសីហានេះ ខណៈរហូតមកទល់នឹងពេលនេះមូលហេតុនៃស្លាប់របស់ពួកគាត់កំពុងស្ថិតក្នុងការស្រាវជ្រាវនៅឡើយ។ សូមបញ្ជាក់ជូនផងដែរថា គិតមកទល់នឹងពេលនេះអាជ្ញាធរសុខាភិបាលជប៉ុនសម្រេចការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ជូនពលរដ្ឋខ្លួនបានជាង ៥៥លាននាក់ហើយ ខណៈជប៉ុនមានពលរដ្ឋសរុបជាង ១២៦លាននាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: