ជប៉ុនសម្រេចផ្អាកប្រើប្រាស់វ៉ាក់សាំង Moderna ចំនួន ១ លានដូសបន្ថែមទៀត ក្រោយរកឃើញសារធាតុខុសប្រក្រតីក្នុងវ៉ាក់សាំងប្រភេទនេះ
ជប៉ុន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ជប៉ុនបានសម្រេចផ្អាកប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Moderna ចំនួន ១ លានដូសបន្ថែមទៀត ខណៈនាពេលកន្លងមកជប៉ុនធ្លាប់ជួបប្រទះករណីខុសប្រក្រតីកើតចេញពីវ៉ាក់សាំងប្រភេទនេះមួយចំនួនរួចមកហើយ ដូចជាមានពលរដ្ឋជប៉ុនចំនួន ២ នាក់បានស្លាប់ក្រោយចាក់វ៉ាក់សាំងប្រភេទនេះរួច ហើយអាជ្ញាធរសុខាភិបាលជប៉ុនក៏ធ្លាប់ប្រកាសផ្អាកប្រើប្រាស់វ៉ាក់សាំងប្រភេទនេះជាង ១,៦៣ លានដូសម្តងហើយដែរ។ គេនៅចាំបានថា បញ្ហាដែលធ្លាប់កើតមាននាពេលកន្លងមកនោះគឺត្រូវបានរកឃើញនៅក្នុងអាណាខេត្ត Okinawa ដែលជាខេត្តដ៏ធំមួយរបស់ប្រទេសជប៉ុនផងដែរ។

សម្រាប់បញ្ហាថ្មីនេះវិញគឺទើបត្រូវបានរកឃើញនៅក្នុងសប្តាហ៍នេះ នៅក្នុងខេអាណាខេត្ត Gunma ជិតទីក្រុងតូក្យូ ហើយចំពោះបញ្ហាដែលគេបានរកឃើញជាក់ស្តែងនោះគឺនៅក្នុងសឺរ៉ាំងវ៉ាក់សាំងមានផ្ទុកនូវសារធាតុពណ៌ខ្មៅនិងផ្កាឈូក ដែលគេមិនដឹងច្បាស់ថាសារធាតុអ្វីនិងអាចបង្កជាបញ្ហាអ្វីខ្លះនោះទេ។ ក្រោយការរកឃើញភាពខុសប្រក្រតីដូចនេះអាជ្ញាធរជប៉ុនក៏បានសម្រេចផ្អាកប្រើប្រាស់វ៉ាក់សាំង Moderna ចំនួន ១ លានដូសបន្ថែមទៀត ខណៈសរុបទៅគឺមានវ៉ាក់សាំងជាង ២,៦លានដូសហើយដែលជប៉ុនបានសម្រេចផ្អាកប្រើប្រាស់ព្រោះបញ្ហាដូចនេះគ្នា។ សូមបញ្ជាក់ថា ជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta បានកំពុងរាតត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុននាពេលបច្ចុប្បន្ន ហើយជប៉ុនបានពឹងផ្អែកយ៉ាងខ្លាំងចំពោះវ៉ាក់សាំង Moderna សម្រាប់ប្រឆាំងនឹងរលកនៃការរាតត្បាតថ្មីនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia