ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    WHO ទាញសញ្ញាព្រមានជាថ្មីជុំវិញករណីមរណភាពនៅតំបន់អឺរ៉ុបហើយបានព្យាករណ៍ថាកូវីដនឹងឆក់យកជីវិតពលរដ្ឋអឺរ៉ុបជាង ២,៣សែននាក់នៅត្រឹមខែធ្នូខាងមុខនេះ

    BY Pheakdey August 31, 2021
    WHO ទាញសញ្ញាព្រមានជាថ្មីជុំវិញករណីមរណភាពនៅតំបន់អឺរ៉ុបហើយបានព្យាករណ៍ថាកូវីដនឹងឆក់យកជីវិតពលរដ្ឋអឺរ៉ុបជាង ២,៣សែននាក់នៅត្រឹមខែធ្នូខាងមុខនេះ

    ការសែត បាងកកប៉ុស្តិ៍ បានឲ្យដឹងថា​ អង្គការសុខភាពពិភពលោក (World Health Organization ) កាលពីថ្ងៃចន្ទ ទី ៣០ ខែ សីហា ម្សិលមិញនេះបានទាញសញ្ញាព្រមានជាថ្មីជុំវិញករណីស្លាប់ដោយជំងឺកូវីដ ១៩ នៅតំបន់អឺរ៉ុប ខណៈអង្គការមួយនេះបានព្យាករណ៍ថា កូវីដ ១៩ នឹងឆក់យកជីវិតពលរដ្ឋអឺរ៉ុបប្រមាណជា ២៣៦,០០០ នាក់បន្ថែមទៀត នៅត្រឹមខែធ្នូ ចុងឆ្នាំ ២០២១ នេះ។ ប្រភពខាងលើបានបន្តថា ការទាញសញ្ញាព្រមាននេះត្រូវបានធ្វើឡើង ក្រោយក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងរបស់អង្គការសុខភាពពិភពបានសិក្សាយ៉ាងល្អិតល្អន់អំពីល្បឿននៃការរាតត្បាតជំងឺកូវីដ ១៩ បំប្លែងខ្លួន  Delta នៅក្នុងតំបន់អឺរ៉ុប និងរបៀបនៃការរស់នៅរបស់ពលរដ្ឋអឺរ៉ុបដែលហាក់លែងសូវភ័យខ្លាចចំពោះកូវីដ ១៩ ទៀតហើយ។

    គួរបញ្ជាក់ជូនថា គិតចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ ១៩ មកជាសកលមក  មានពលរដ្ឋនៅទូទាំងពិភពលោកជាង ៤,៥ លានហើយដែលបានស្លាប់ដោយសាជំងឺកាចសាហាវមួយនេះ ខណៈតួលេខអ្នកឆ្លងវិញមានរហូតដល់ជាង ២១៧លាននាក់។ សម្រាប់អង្គការសុខភាពពិភពលោកបានផ្តល់អនុសាសន៍ថា ដើម្បីការពារជីវិតពីជំងឺកូវីដ ១៩ ពលរដ្ឋគ្រប់រូបត្រូវចេះបន្តអនុវត្តវិធានការអនាម័យឲ្យបានខ្ជាប់ខ្ជួនបើទោះជាខ្លួនបានចាក់វ៉ាក់សាំងហើយក៏ដោយ ពោលគឺកុំទាន់មានសន្តិភាពជាមួយនឹងជំងឺរាតត្បាតនេះខ្លាំងពេក ជាពិសេសគឺពលរដ្ឋនៅតំបន់អឺរ៉ុបតែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖  Bangkok Post

    Share This Post: