ខេត្តភូកេតកំពុងប្រឈមនឹងការរាតត្បាតកូវីដកម្រិតធ្ងន់ធ្ងរ ខណៈខេត្តទេសចរណ៍របស់ថៃមួយនេះនៅបន្តអនុញ្ញាតឲ្យអ្នកដំណើរអន្តរជាតិចូលមកកំសាន្តដោយមិនចាំបាច់ធ្វើចត្តាឡីស័ក
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អាជ្ញាធរនៃខេត្តភូកេតប្រទេសថៃបានស្នើសុំការអនុវត្តវិធានការបន្ទាន់មួយពីសំណាក់រដ្ឋាភិបាលថៃ ក្រោយការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងខេត្តទេសចរណ៍មួយនេះបានឈានដល់កម្រិតធ្ងន់ធ្ងរហើយ។ គួរម្លឹកជូនថា ដើម្បីសង្គ្រោះសេដ្ឋកិច្ចជាតិនាពេលកន្លងមករដ្ឋាភិបាលថៃបានសម្រេចអនុញ្ញាតឲ្យភ្ញៀវទេសចរណ៍អន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចអាចចូលមកកំសាន្តនៅក្នុងខេត្តមួយនេះដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កឡើយ ដោយយន្តការ ការមួយនេះមានឈ្មោះថា “Phuket Sandbox”។

យ៉ាងណាក្តី បើតាមលោកវេជ្ជបណ្ឌិត Chalermpong Sukontapol ដែលជាប្រធានមន្ទីរពេទ្យប្រចាំខេត្តភូកេតបានឲ្យដឹងថា ពេលនេះការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងខេត្តភូកេតបានឈានដល់កម្រិតធ្ងន់ធ្ងរហើយ ដោយករណីចម្លងមេរោគបំប្លែងខ្លួន Delta បានកើនឡើងយ៉ាងគំហុកក្នុងចំណោមក្រុមពលរដ្ឋថៃនិងភ្ញៀវទេសចរណ៍មួយចំនួនដែលបានចាក់វ៉ាក់សាំងរួចរាល់ចំនួន ២ ដូសទៅហើយ។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា ដើម្បីឆ្លើយតបចំពោះបញ្ហានៅចំពោះមុខនេះ គេត្រូវអនុវត្តវិធានការមួយគឺ “យុទ្ធសាស្រ្តឈ្នះរហ័ស” ពោលគឺអាជ្ញាធរសុខាភិបាលថៃត្រូវចាក់វ៉ាក់សាំងដូសជំរុញជូនពលរដ្ឋក្នុងខេត្តភូកេតឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន។ លោកបានបញ្ជាក់ទៀតថា បន្ថែមពីលើការការចាក់វ៉ាក់សាំងដូសជំរុញ ការសម្រេចកាត់បន្ថយសកម្មភាពជួបជុំរបស់ក្រុមប្រជាពលរដ្ឋក៏ត្រូវតែអនុវត្តផងដែរ ទើបកម្មវិធី “Phuket Sandbox” អាចបន្តអនុវត្តទៀតបាន៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍