ប៉ូលិសថៃម្នាក់ស្លៀកពាក់ជាអ្នកដឹកជញ្ជូនអាហារចូលទៅប្លន់ហាងមាសមួយកន្លែងប្រមូលយកគ្រឿងអលង្ការមានតម្លៃជាង ១០ម៉ឺនដុល្លារ
ថៃ៖ ចោរប្លន់ម្នាក់ដែលបានស្លៀកពាក់ជាអ្នកដឹកជញ្ជូនម្ហូបអាហារនិងបានចូលទៅប្លន់ហាងលក់មាសមួយកន្លែងក្នុងប្រទេសថៃយ៉ាងកក្រើកកាលពីប៉ុន្មានថៃមុននេះត្រូវបានសារព័ត៌មាន បាងកកប៉ុស្តិ៍ រាយការណ៍ថា តាមការពិតរូបគាត់គឺជាប៉ូលិសម្នាក់ប្រចាំនៅតំបន់កើតហេតុនោះតែម្តង។ គួររម្លឹកថា កាលពីថ្ងៃពុធកន្លងទៅនេះមានករណីប្លន់ហាងលក់មាសយ៉ាងកក្រើកមួយបានកើតឡើងនៅក្នុងផ្សារទំនើបមួយកន្លែងនៅកណ្តាលក្រុង Nakhon Ratchasima ប្រទេសថៃ។

ជនល្មើសដែលបានស្លៀកពាក់ជាអ្នកដឹកជញ្ជូនអាហារបានដើរចូលទៅក្នុងហាងលក់មាសតែម្នាក់ឯងយ៉ាងមានទំនុកចិត្តបំផុត ហើយបានបាញ់គំរាមម្ចាស់ហាង និងបានប្រមូលយកគ្រឿងអលង្ការជាច្រើនមានតម្លៃប្រហែលជា ៣,៥លានបាត (ជាង ១០ម៉ឺនដុល្លារអាមេរិក) រួចក៏គេចខ្លួនបាត់ដោយសុវត្ថិភាព។ ក្រោយកើតហេតុប៉ូលិសជំនាញថៃក៏បានបើកការស៊ើបអង្កេតតាមចាប់ខ្លួនជនល្មើសជាបន្ទាន់ផងដែរ ហើយរហូតដល់ល្ងាចថ្ងៃសុក្រម្សិលមិញនេះទើបគេអាចចាប់ខ្លួនជនល្មើសបាន ហើយរឿងដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺចោរដែលបានប្លន់ប្រជាពលរដ្ឋនោះគឺជាសមត្ថកិច្ចប្រចាំនៅតំបន់កើតហេតុនោះផ្ទាល់តែម្តងដោយរូបគាត់គឺជារវសេនីយ៍ឯក Anucha Boon-arak និងទើបមានអាយុ ២៥ ឆ្នាំប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍