ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គម្រោង “Phuket Sandbox” របស់ថៃជួយបង្កើតសេដ្ឋកិច្ចជាតិបានជាង ៥០លានដុល្លារក្នុងរយៈពេល ២ខែ បើទោះជាថៃកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ ១៩ ក៏ដោយ

    BY Pheakdey September 6, 2021
    គម្រោង “Phuket Sandbox” របស់ថៃជួយបង្កើតសេដ្ឋកិច្ចជាតិបានជាង ៥០លានដុល្លារក្នុងរយៈពេល ២ខែ បើទោះជាថៃកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ ១៩ ក៏ដោយ

    ថៃ៖ គម្រោង “Phuket Sandbox” របស់រដ្ឋាភិបាលថៃដែលជាគម្រោងអនុញ្ញាតឲ្យអ្នកដំណើរអន្តរជាតិចូលមកកំសាន្តក្នុងខេត្តភូកេត ដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កនោះ ហាក់កំពុងទទួលបានជោគជ័យក្នុងការជួយបង្កើតសេដ្ឋកិច្ចជាតិ ខណៈសាធារណៈជនមួយចំនួនគិតថាជារឿងបរាជ័យដ្បិតគម្រោងនេះបង្កឲ្យមានការរាតត្បាតជំងឺកូវីដ ១៩ យ៉ាងខ្លាំងនៅក្នុងខេត្តទេសចរណ៍របស់ថៃមួយនេះ។​​​​ របាយការណ៍របស់អាជ្ញាធរទេសចរណ៍ថៃបានឲ្យដឹងថា “Phuket Sandbox” ដែលបានផ្តើមអនុវត្តកាលពីថ្ងៃទី ១ ខែ កក្កដារហូតមកទល់នឹងពេលនេះ អាចទាក់ទាញបានភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ២៨,១៩៧ នាក់ហើយ ដែលអ្នកដំណើរទាំងនេះបានធ្វើដំណើរមកពីបណ្តាប្រទេសផ្សេងៗដូចជា អាមេរិក អង់គ្លេស បារាំង អ៊ីស្រាអែល អាឡឺម៉ង់ អារ៉ាប់រួម ស្វីស ហូឡង់ អូស្រ្តាលី និងប្រទេសចិនជាដើម។

    របាយការណ៍ដដែលនេះបានបញ្ជាក់ថា គិតត្រឹមពេលនេះគឺមានអ្នកដំណើរចំនួន ១០,៤៩២ នាក់បានត្រលប់ទៅប្រទេសកំណើតរបស់ពួកគេវិញហើយ​ អ្នកដំណើរចំនួន ៤,៩៣៦នាក់កំពុងស្នាក់នៅក្នុងខេត្តភូកេត និង ១២,៧៤២នាក់ផ្សេងទៀតបានបន្តដំណើរទៅកាន់តំបន់ទេសចរណ៍ផ្សេងទៀតក្នុងប្រទេសថៃក្រោយបានស្នាក់នៅក្នុងខេត្តភូកេតមួយរយៈដោយពុំមានរោគសញ្ញានៃការកើតមានជំងឺកូវីដ ១៩។ ក្រោយធ្វើដំណើរមកដល់ទឹកដីថៃក្រុមអ្នកដំណើរទាំងនេះបានចំណាយលុយទៅលើវិស័យផ្សេងៗដូចជា វិស័យសណ្ឋាគារ អាហារនិងភេសជ្ជៈ សេវាកម្ម និងសេវាថែទាំវេជ្ជសាស្រ្ត ហើយជារួមត្រឹមរយៈពេល ២ ខែនេះពួកគេបានជួយបង្កើតសេដ្ឋកិច្ចសម្រាប់ប្រទេសថៃបានប្រមាណជា ១,៦៣៤ ពាន់លានបាត (៥០,៤៩៥,២៤០ ដុល្លារ)​ ។ យ៉ាងណាក្តី​ កាលពីពេលថ្មីៗនេះការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងខេត្តភូកេតរបស់ថៃក៏ត្រូវគេរាយការណ៍ថា បានឈានដល់កម្រិតធ្ងន់ធ្ងរផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Thaiger

    Share This Post: