ចាប់ពីខែក្រោយនេះថៃនឹងអនុញ្ញាតឲ្យពលរដ្ឋដែលចាក់វ៉ាក់សាំងកូវីដរួចឬធ្វើតេស្តអវិជ្ជមានអាចចូលទៅញ៉ាំអាហារនៅតាមភោជនីយដ្ឋានជាធម្មតាវិញបាន
ថៃ៖ កាសែត បាងកកប៉ុស្តិ៍ បានរាយការណ៍ថា ចាប់ពីថ្ងៃទី ១ ខែតុលាខាងមុខនេះតទៅអាជ្ញាធរថៃនឹងដាក់ចេញនូវវិធានការថ្មីមួយដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចក្រុមអាជីវករ តាមរយៈអនុញ្ញាតឲ្យពលរដ្ឋដែលស្ថិតនៅក្នុងលក្ខខណ្ឌមួយចំនួនអាចត្រលប់ទៅញ៉ាំអាហារនៅតាមភោជនីយដ្ឋានវិញបាន។ វិធានការខាងលើនេះនឹងត្រូវដាក់ឲ្យអនុវត្តនៅទូទាំងប្រទេសថៃ រួមទាំងនៅក្នុងតំបន់ “ក្រហមចាស់” ពោលគឺជាតំបន់ដែលមានការឆ្លងជំងឺកូវីដ ១៩ កម្រិតខ្ពស់ផងដែរ។

សម្រាប់លក្ខខណ្ឌដែលក្រុមពលរដ្ឋអាចចូលទៅញ៉ាំអាហារនៅតាមភោជនីយដ្ឋានបាននោះគឺមានដូចជា ពួកគេត្រូវបង្ហាញប័ណ្ណបញ្ជាក់ថាបានចាក់វ៉ាក់សាំងរួចរាល់ ឬលទ្ធផលនៃការធ្វើតេស្តអវិជ្ជមានជំងឺកូវីដ ១៩ ក្នុងរយៈពេលមិនលើសពី ១សប្តាហ៍មុនពេលមកញ៉ាំអាហារនេះ ហើយពួកគេក៏តម្រូវឲ្យបំពេញព័ត៌មានមួយចំនួននៅក្នុងកម្មវិធីទូរស័ព្ទ “Thai Save Thai” ផងដែរ ដើម្បីឲ្យអាជ្ញាធរងាយគ្រប់គ្រងទិន្នន័យរបស់ក្រុមពលរដ្ឋទាំងនោះ។ ចំពោះម្ចាស់អាជីវកម្មវិញក៏ត្រូវបន្តរក្សាវិធានការអនាម័យជាចាំបាច់ផងដែរ ដូចជារក្សាគំលាតសង្គមនៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន រៀបចំឲ្យមានទឹកលាងដៃសម្លាប់មេរោគចំពោះអតិថិជន ហើយបុគ្គលិកដែលពាក់ព័ន្ធនៅក្នុងអាជីវកម្មទាំងងស់នោះក៏តម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ ១៩ ជាប្រចាំផងដែរ។
ចំពោះប្រភេទអាជីវកម្មដែលអាចបើកដំណើរការក្រោមការអនុវត្តវិធានការខាងលើនេះមានដូចជា ភោជនីយដ្ឋានគ្រប់ប្រភេទ ហាងកាត់សក់និងធ្វើសក់ គ្លីនិកកែសម្ភស្ស និងកន្លែងស្ប៉ាជាដើម៕



អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍